ព័ត៌មានទាន់ហេតុការណ៍៖

អាយុទើបតែ១០ឆ្នាំចេះធ្វើចោរ ត្រូវពលរដ្ឋចាប់បានប្រដៅម្នាក់មួយដៃ រួចឲ្យត្រឡប់ទៅផ្ទះវិញ

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែជីវភាពខ្វះខាត បានធ្វើឲ្យក្មេងប្រុសម្នាក់មានអាយុទើបតែ១២ឆ្នាំ​ បានដាច់ចិត្តធ្វើសកម្មភាពលួចយកកាបូបដាក់លុយ និងទូរស័ព្ទ របស់ស្ត្រីម្នាក់ជាអ្នកលក់សាច់គោ បានសម្រេចហើយប្រុងរត់គេចខ្លួច តែត្រូវម្ចាស់គេទាន់ចាប់បានក៏វាយមួយដៃមួយជើង រួចធ្វើការអប់រំកុំឲ្យដើរលួចគេ ហើយជនរងគ្រោះអាណិតមិនប្តឹងសមត្ថកិច្ចក៏ឲ្យត្រឡប់ទៅផ្ទះវិញ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៩០០ នៅចំណុចផ្សារទួលសង្កែ តូបលក់សាច់គោ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្មេងប្រុសដែលជាជនសង្ស័យលួចយកកាបូប មិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយចាប់បានយកកាបូបវិញភ្លាមៗ ត្រូវបានគេលែងទៅវិញ ។

តាមសម្ដីស្ត្រីរងគ្រោះ ដែលជាអ្នកលក់សាច់គោ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញមកពីផ្ទះមកលក់ដូចរាល់សព្វដង ខណៈមកដល់កន្លែងតូបលក់របស់គាត់ បានទុកកាបូបនៅក្នុងកន្ត្រកយួដៃលើគ្រែ ហើយចូលទៅយកអីវ៉ាន់មករៀបចំលក់ ពេលនោះក្មេងប្រុសដែលជាជនសង្ស័យ ឃើញឱកាសល្អ ក៏បានលួចយករួចបានព្យាយាមរត់គេចខ្លួន តែត្រូវអ្នកលក់ដូរក្បែរកន្លែងស្ត្រីរងគ្រោះឃើញទាន់ បានរត់ដេញចាប់បាន យកកាបូបមកវិញ និងស្វាគមន៍២ទៅ៣ដៃ រួចនាំមកកន្លែងស្ត្រីរងគ្រោះ និងយកកាបូបឲ្យវិញ ។

ក្រោយកើតហេតុដោយក្រុមអាជីវកមានក្តីអាណិត បានឃាត់មិនឲ្យគេវាយ និងបានណែនាំ រួចឲ្យក្មេងប្រុសនោះត្រឡប់ទៅផ្ទះវិញ ៕ស តារា


ចែករំលែក៖