ព័ត៌មានទាន់ហេតុការណ៍៖

សាហាវ​ណាស់​ កាប់​ប្លន់​ម៉ូតូ​ តែ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​

ចែករំលែក៖

ខេត្តតាកែវ៖​នគរបាល​ស្រុក​បាទី​ នៅថ្ងៃទី០៣ ខែសីហា នេះ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ពោល​គឺ​កាប់​ប្លន់​យក​ម៉ូតូ​។

របាយការណ៍អធិការដ្ឋាននគរបាលស្រុកបាទី បង្ហាញ​ថា ជនសង្ស័យឈ្មោះ សាន់ មុន្នីរក្សា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំ២០១៧ ពាក់ផ្លាកលេខ​ភ្នំពេញ 1GI-4975 បានធ្វើសកម្មភាពប្រដាប់ដោយដាវ កាប់ប្លន់យកម៉ូតូមួយ​គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1GS-7276 នៅចំណុច​ភូមិផ្សារគុម្ភឫស្សី ឃុំតាំងដូង ស្រុកបាទី ។

ជនរងគ្រោះឈ្មោះ រ៉េត គឹមជៀម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាន​នគរបាលស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ាន់ សារី និងមានការចង្អុលបង្ហាញពីលោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត​តាកែវ​ ដោយបានសហការជាមួយគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុកបាទីធ្វើការចេញល្បាត និងពួនស្ទាក់គ្រប់ច្រកល្ហក លុះដល់ចំណុចភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ទើបជួបនឹងជនសង្ស័យហើយជនសង្ស័យទាំងពីរ​នាក់ បានផ្តួលម៉ូតូរត់ តែត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតមានឈ្មោះ ទឹម វីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិធ្លក ឃុំជង្រុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បាន​រត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការ​សាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធី និងស្វែងរកចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ រីឯម៉ូតូដែលជនង្ស័យប្លន់ កម្លាំងជំនាញបាន​ប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕ ចេស្តា

 


ចែករំលែក៖