ខេត្តពោធិ៍សាត់៖ កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅសម័យកាលសង្គ្រាម ដែលប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ជូនអាជ្ញាធរមានសមត្តកិច្ច យកមករក្សាទុកជាបណ្ណោះអាសន្ននោះ បានប្រគល់ជូនមន្រ្តីជំនាញគ្រាប់រំសេវ។
ពិធីប្រគល់កាកសំណល់ជូនមន្រ្តីជំនាញខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅប៉ុស្តិ៍នគរបាលរដ្ឋអូរសណ្ដាន់ ស្ថិតក្នុងឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរសណ្ដាន់បានឲ្យដឹងថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅសម័យកាលសង្គ្រាមបានប្រគល់ជូនមន្រ្តីជំនាញនេះ ១.ប្រភេទគ្រាប់បែកផ្លែក្រសាំង ២.ប្រភេទគ្រាប់បែកអន្លូង ៣.ប្រភេទគ្រាប់មីនអាយីប និង៤.កាំងភ្លើងបេ៤០។
ប្រភពដដែលបន្តទៀតថា កាកសំណលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ ប្រជាពលរដ្ឋតាមបណ្ដាភូមិនានានៃឃុំអូរសណ្ដាន់ប្រទះឃើញ នៅក្នុងព្រៃក្បាលភ្លឺស្រែរបស់ពួកគាត់ ហើយបានរាយការណ៍ជាបន្តបន្ទាប់តាមរយៈមេភូមិរហូតដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទើបយើងទៅប្រមូលយកមកទុកជាបណ្ដោះអាសន្ន ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា៕ ប៉ឹម ពិន