ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារក្នុងខេត្តចំនួន៤ត្រូវទឹកជំនន់ជន់លិចលំនៅឋាន

ចែករំលែក៖

ភ្នំពេញ ៖ គិតតាំងពីពាក់កណ្ដាលខែ កក្កដា ឆ្នាំ២០១៨មកប្រជាពលរដ្ឋចំនួន ១១.៩១៧គ្រួសារនៅខេត្តចំនួន៤ត្រូវបានទឹកជំនន់ជន់លិចលំនៅឋាន ក្នុងនោះពល រដ្ឋចំនួន១.៧៣៣គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ នេះបើតាមការឲ្យ ដឹងពីលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។

លោក កែវ វី បានបន្តថា មានប្រជាពលរដ្ឋចំនួន១១.៩១៧គ្រួសារ រស់នៅក្នុងខេត្ដ ចំនួន៤រួមមាន ខេត្ដស្ទឹងត្រែង ក្រចេះ ត្បូង ឃ្មុំ និងកំពង់ចាម ត្រូវទឹកជំនន់ជន់លិច លំនៅឋាន។ ក្នុងនោះប្រជាពលរដ្ឋចំនួន ១.៧៣៣គ្រួសារត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។

ស្ថិតក្នុងស្ថានភាពបែបនេះក្រសួងសុខា ភិបាលបានផ្តល់មុងជ្រលក់ថ្នាំចំនួន៤ពាន់មុងរួមទាំងថ្នាំពេទ្យផងបញ្ជូនទៅដល់ទីដែលមានទឹកជន់លិចជាងគេក្នុងខេត្តស្ទឹងត្រែង។ ជាមួយគ្នានោះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាលក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះ សុវត្ថិភាពកុមារតូចៗកុំឲ្យចុះងូតទឹក ឬ ហែលទឹកនៅពេលទឹកជំនន់ហើយពេល ទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់នៅកន្លែងដែលមានរណ្ដៅឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ស្រកទៅត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹកត្រូវតែស្ដារលាង សម្អាតចេញទាំងអស់ ។

សូមបញ្ជាក់ថា តាមការព្យាកររបស់ ក្រសួងធនធានទឹកកាលពីថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ កម្ពស់ទឹកទន្លេមេគង្គខេត្តស្ទឹង ត្រែងអាចនឹងចុះមកត្រឹម១០,៥៣ម៉ែត្រ ផុតកម្ពស់ឲ្យប្រុងប្រយ័ត្ន ខណៈទន្លេមេគង្គ ខេត្តក្រចេះនឹងចុះមកត្រឹម២១,៦៥ម៉ែត្រ តែទន្លេមេគង្គខេត្តកំពង់ចាមនឹងឡើងដល់កម្ពស់១៥,១០ម៉ែត្រ ។

គិតត្រឹមព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ ទឹកទន្លេមេគង្គខេត្តក្រចេះបាន បន្តស្រកចុះមកនៅក្នុងកម្ពស់២១,៧២ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន២២ម៉ែត្រ)។ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថានៅម៉ោង៧ព្រឹកថ្ងៃទី២ ខែ សីហា ទឹកទន្លេមេគង្គខេត្តក្រចេះបានកើនឡើងអតិបរមាដល់កម្ពស់២១,៨២ម៉ែត្រ រួចក៏បានចាប់ផ្តើមស្រកចុះវិញមកនៅក្នុងកម្ពស់២១,៧៩ម៉ែត្រនៅវេលាល្ងាចថ្ងៃ ដដែល ។

ជាមួយគ្នានេះក្រសួងធនធានទឹក និង ឧតុនិយមក៏បានប្រកាសថាគិតត្រឹមម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ទឹកទន្លេមេគង្គ ខេត្តស្ទឹងត្រែងបាន បន្តស្រកចុះមកនៅក្នុងកម្ពស់១០,៤៧ ម៉ែត្រគឺទាបជាងកម្រិតប្រកាសឲ្យប្រុង ប្រយ័ត្នវិញហើយ ។

ក្រសួងធនធានទឹក និងឧតុនិយមបាន ប្រកាសថា កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅទន្លេមេគង្គ ខេត្តស្ទឹងត្រែងមានកម្ពស់ ១០,៧០ម៉ែត្រ ។

ដោយឡែកក្នុងព្រឹត្តិបត្រព័ត៌មាន និង ព្យាករណ៍កម្ពស់ទឹកជំនន់របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយកាលពី ព្រឹកថ្ងៃទី៣ ខែសីហាបានបង្ហាញថា នៅ ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង និងទន្លេ មេគង្គ-ក្រចេះកម្ពស់ទឹកបានស្រកចុះនៅថ្ងៃទី៣ ខែសីហា តែនៅទន្លេមេគង្គ-កំពង់ ចាម ទន្លេបាសាក់-ចតុមុខ ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-កោះខែល ទន្លេ សាប-ព្រែកក្តាម និងបឹងទន្លេសាប-កំពង់ ហ្លួង បានបន្តឡើងបន្តិចបន្តួចនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ។

យ៉ាងណាក៏ដោយតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់របស់ ក្រសួងធនធានទឹក និងឧតុនិយមគឺនៅថ្ងៃ ទី៤ ខែសីហា ដល់ថ្ងៃទី៦ ខែសីហាកម្ពស់ ទឹកនៅទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម នឹងបន្តស្រកចុះ នៅថ្ងៃទី៤-៦ ខែសីហា ហើយទន្លេបាសាក់-ចតុមុខ ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់ -កោះខែល និងទន្លេសាប-ព្រែកក្តាមនៅថ្ងៃ ទី៤ និងថ្ងៃទី៥ ខែសីហា ទឹកបន្តឡើងបន្តិច បន្តួចរហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ កម្ពស់ទឹកនឹងចាប់ផ្តើមស្រកចុះវិញ ។

របាយការណ៍របស់គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយគិតថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បានបង្ហាញពីទិន្នន័យ ប៉ះពាល់ និងខូចខាតដោយទឹកជំនន់ទន្លេ មេគង្គនៅខេត្តទាំង៤រួមមាន៖

-ប្រជាជនប៉ះពាល់សរុប ២៩.១៤៥ គ្រួសារ

-ប្រជាជនត្រូវបានជម្លៀសពីផ្ទះលិច ទឹកទៅកាន់ទីទួលសុវត្ថិភាពមានចំនួន ២.១២៧គ្រួសារ

-ខូចខាតផ្ទះ៩ខ្នង

ស្លាប់មនុស្ស៣នាក់

-សាលារៀនលិចទឹក៥៤កន្លែង

-វត្តចំនួន១៩

-មន្ទីរពេទ្យ៦

-ជម្លៀសសត្វពាហនៈ៤.៣៤២ក្បាល

-លិចសន្ទូងប៉ះពាល់មានទំហំ២.៤៥៧ ហិកតា

-ខូចខាតទំហំ៧ហិកតា

-ប៉ះពាល់ដំណាំផ្សេងៗទំហំ២.៩៣៧ ហិកតា

-ខូចខាតដំណាំផ្សេងៗទំហំ១.១២២ ហិកតា៕ ហេង សូរិយា


ចែករំលែក៖