ព័ត៌មានទាន់ហេតុការណ៍៖

លោកចោរគាស់ចម្រឹងទ្វារចូលលួចមាសច្រើនដំឡឹងដោយសុវត្ថិភាពនៅស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការស្រែកផ្អើលឆោឡោ ដល់អ្នកភូមិពីសំណាក់ម្ចាស់ផ្ទះលក់ចាបហួយ និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ បន្ទាប់ពីមានជនសង្ស័យមិនស្គាល់មុខបានលួចធ្វើសកម្មភាពគាស់ចូលក្នុងផ្ទះ និងប្រមូលយកទ្រព្យសម្បត្តិ និងសម្ភារមួយចំនួនរួចគេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ និង ៥០ នាទីយប់ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ មុំ សុីណា ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិកើតហេតុខាងលើ ។ ជនរងគ្រោះថា ចំពោះសម្ភារទ្រព្យសម្បត្តិដែលបាត់បង់រួមមានខ្សែក និងខ្សែដៃ មាសចំនួន៤ តម្លឹង ចញ្ចៀនមាស៥វង់ ស្មើ១តម្លឹង និងខ្សែក និងចញ្ចៀនផ្លាកទីន៥ជី ។

ប្រភពបន្តថា មុនពេលកើតហេតុ គាត់ និងក្រុមគ្រួសារបានមកលក់បង្អែម និងណែមនៅខាងមុខផ្ទះដូចសព្វដង ដោយមិនបានចាប់អារម្មណ៍ខណៈចាក់សោទ្វារត្រឹមត្រូវទើបចេញមកលក់ ។ លុះនៅវេលាម៉ោងជិត៩យប់ គាត់ក៏បានត្រឡប់ចូលទៅក្នុងផ្ទះស្រាប់តែក្រឡេកឃើញទ្វារចម្រឹងមានស្នាមគាស់ ទើបគាត់ប្រញាប់ប្រញាលរត់ចូលក្នុងបន្ទប់មានការភ្ញាក់ផ្អើលដោយរបស់របររាយប៉ាយទើបរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង ។

សមត្ថកិច្ចបានត្រឹមធ្វើកំណត់ហេតុ និងស្រាវជ្រាវស្វែងរកជនសង្ស័យប៉ុណ្ណោះ ៕ យឹម សុថាន


ចែករំលែក៖