ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូគេពីគេដេញវាយ ដោយធ្វើដំណើរបញ្ច្រាសទិសចរាចរណ៍ បានជ្រុលបុក និងរថយន្តតាក់ស៊ី របស់ក្រុមហ៊ុន AIRPORT ដែលកំពុងដឹកភ្ញៀវដែលជាជនជាតិស្បែកខ្មៅម្នាក់ យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូ រងរបួសបាក់ជើងខាងឆ្វេង (ធ្ងន់) ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០ និង១០នាទីយប់ ថ្ងៃសុក្រ ៧រោចខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
តាមប្រភព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តតាក់ស៊ី របស់ សមាគមន៍ តាក់ស៊ី ប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង មួយគ្រឿង ម៉ាក កាម៉ារី បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V6375 បានធ្វើដំណើរតាមផ្លូវ ២៧១ ក្នុងទិសដៅ ពីជើងទៅត្បូង ដោយមានដឹកភ្ញៀវដែលជាជនជាតិស្បែកខ្មៅម្នាក់ ខណៈមកចំនុចកើតហេតុ ដែលជាចំនុចលើស្ពានអាកាសស្ទឹងមានជ័យ ក៏ស្រាប់តែបុរសម្នាក់ ដែលបានគេ អះអាងថា បានគេដេញវាយ ហើយបុរសរូបនោះបានជិះម៉ូូតូម៉ាក ឌ្រីមសង់ សេរីឆ្នាំ២០១៧ពណ៌ខ្មៅ ពាក់ស្លាកលេខ 1U 3894 បានធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ឡើងស្ពានអាកាសស្ទឹងមានជ័យ ហើយបញ្ច្រាស់ទិសដៅចរាចរណ៍ ក៏ជ្រុលទៅ និងរថយន្តតាក់ស៊ី ចំពីមុខពេញទំហឹង បណ្តាលម៉ូតូ ខ្ទេចផ្នែកខាងមុខ បត់ក្បាលត្រលប់ក្រោយវិញ ព្រមទាំងធ្វើអោយអ្នកបើកម៉ូតូ រងរបួស បាក់ជើងខាងឆ្វេង និងប៉ះពាល់ផ្លោកនោម ហើយភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លិនិក ឯកជន មហានគរ ។
ដោយឡែក រថយន្តតាក់ស៊ី រងការខូចខាត ខ្ទេចផ្នែកខាងមុខ ចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះនៅក្នុងរថយន្តនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌបានចុះទៅកន្លែងកើតហេតុ រួចហើយ ក៏បានវាស់វែងយកទៅម៉ូតូ និងរថយន្ត ទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ