ខេត្តកំពង់ធំ៖ សកម្មភាពដឹកអុស ចេញពីព្រៃអង់តែង ព្រៃសហគមន៍អូរក្ដី និងតំបន់ភ្នំរៀង ក្នុងមួយថ្ងៃៗរាប់រយគ្រឿង មានទាំងគោយន្ដកន្រ្ដៃ បុកស័រ និងគោយន្ដកែឆ្នៃ តែមន្រ្ដីជំនាញគ្មានការហាមឃាត់ ឬបង្ក្រាបទាល់តែសោះ ទុកឲ្យឈ្មួញតូច ធំ កាប់បំផ្លាញព្រៃ យ៉ាងអនាធិបតេយ្យ និងដឹកជញ្ជូន យ៉ាងសប្បាយ យកទៅលក់ឲ្យថៅកែម្នាក់អង្គុយចាំទិញនៅចំការលើ ជាប់ព្រំប្រទល់ក្នុងទឹកដឹកខេត្តកំពង់ចាម និងកំពង់ធំ ។
តាមប្រភពរិះគន់ពីប្រជាពលរដ្នបានឲ្យដឹងថា ក្នុងមួយយប់ មួយថ្ងៃមានការដឹកអុស ចេញពីព្រៃខាងលើ មិនតិចជាង១០០គ្រឿងនោះទេ មានទាំងអុស ឈើមូល ឈើជ្រៀក ដូចហែកឋិន នៅតាមផ្លូវលំ លើផ្លូវថ្នល់ ជួនពេលខ្លះធ្វើឲ្យស្ទះចរាចរណ៍រយ៉ាងស្អេកស្កះទៀតផង ។
តាមប្រភពព័ត៌មានពីមន្ដ្រីជំនាញបានឲ្យដឹងថា ឈើទាំងនេះ មិនមែនដឹកចេញពីព្រៃអង់តែនទាំងអស់នោះទេ គឺដឹកចេញពីព្រៃសហគមន៍អូរក្តី និងតំបន់ភ្នំរៀង និងព្រៃអង់តែន ក្រោមការគ្រប់គ្រងរបស់មន្រ្ដីរដ្នបាលព្រៃឈើ ។
តាមប្រភពរិះគន់ពីមន្រ្ដីរាជការបានបន្ថែមថា លោក ប៊ុន សុធី នាយខណ្ឌរដ្នបាលព្រៃឈើ ខេត្តកំពង៎ធំ ដែលទើបតែមកកាន់តំណែងជាងកន្លះឆ្នាំនេះថា គាត់គឺជាមន្រ្ដីជើង១០ ដែលប្រមុខដឹកនាំ តែងតែមានប្រសាសន៍ក្នុងកម្មវិធីជួបជុំមន្រ្ដីរាជការថា មន្រ្ដីជើង១០ គឺជាមន្រ្ដីដែលអង្គុយនៅតែក្នុងការិយាល័យ គងទាក់ខ្លាក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ រង់ចាំទទួលរបាយការណ៍ ភូតភរកុហករបស់កូនចៅ មិនដែលចុះទៅមើលតាមគោលដៅ លុះពេលព័ត៌មានចុះផ្សាយប៉ះពាល់លើខ្លួន បែរជាតាំងចិត្តខឹង រកប្ដឹងផ្ដល់ថែមទៀត ។
លោក តុប កក្កដា ប្រធានមន្រ្ដីបរិស្ថានបានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា ព្រៃអង់តែន មានជាង់៦ម៉ឺន ហិចតា តែបរិស្ថានគ្រប់គ្រងតែ៤ម៉ឺនហិចតាប៉ុណ្ណោះ សល់ជាង២ម៉ឺនហិចតា ទៀត ខាងជំនាញរដ្នបាលព្រៃឈើជាអ្នកគ្រប់គ្រង ឯការកាប់បំផ្លាញឈើដូចឃើញក្នុងសកម្មភាពនេះ មិនស្ថិតនៅក្នុងតំបន់បរិស្ថានគ្រប់គ្រងនោះទេ។
លោក ប៊ុន សុធី នាយខណ្ឌរដ្នបាលព្រៃឈើខេត្តកំពង់ធំ លោកមិនបានឆ្លើយតបក្នុងកិច្ចសម្ភាសតាម ប្រព័ន្ធតេលេក្រាមនោះទេ ទោះអ្នកសារព័ត៌មាន ខំផ្ដល់ព័ត៏មានពីការកាប់បំផ្លាញព្រៃឈើ់ក៏ដោយ និងចង់ដឹងពីគោលការណ៍ចុះបង្ក្រាបរបស់លោក ក៏មិនឆ្លើយតបដែរ ពុំដឹងជាលោក រវល់ឬ មិនចង់ឆ្លើយតប នោះទេ ៕ ប៊ុនរិទ្ធី