ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មាននានាពីប្រជានេសាទដូចគ្នារាយការណ៍ថា ប្រជានេសាទម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៣នាក់ បានលង់ទឹកស្លាប់ដោយគ្មានមូលហេតុច្បាស់លាស់ នៅគ្រាដែលពួកគេនាំគ្នាទៅរៀបចំនេសាទនៅលើផ្ទៃទឹកបឹងទន្លេសាបបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ១០ ព្រឹក ថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចបឹងអណ្ដើក ស្ថិតក្នុងភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ទ្រី យន់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ជនរងគ្រោះ និងបក្ខពួកបានចេញពីផ្ទះទៅតំបន់ខាងលើមុនកើតហេតុដេកជុំគ្នា ១យប់ហើយ លុះព្រឹកនៅថ្ងៃកើតហេតុបានចេញតាមគោលដៅរៀងៗខ្លួន ដើម្បីកាប់ស្មៅឬព្រៃធ្វើជាកន្លងសម្រាប់រាយសន្ទួច បន្ទាប់មកនៅម៉ោងខាងលើបក្ខពួក ២នាក់បានមកដល់កន្លែងស្នាក់នៅដើម្បីហូបបាយ ប៉ុន្តែបាត់ជនរងគ្រោះនាំគ្នាហៅក៏មិនឮទើបទៅដល់កន្លែងកាប់កន្លង ឃើញកាណូតគ្មានមនុស្សមានការសង្ស័យ ក៏មុជទឹករាវរកឃើញស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្ដង ដូច្នេះហើយទើបគ្មាននណាម្នាក់ដឹងអំពីមូលហេតុច្បាស់លាស់នោះ ប៉ុន្តែគេសន្និដ្ឋានអាចស្លាប់បណ្ដាលមកពីលង់ទឹកពិតប្រាកដ ព្រោះអីជនរងគ្រោះមានជំងឺប្រកាច់ញឹកញាប់ ៕ ប៉ឹម ពិន