ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសដោយសាររថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុក ។
ក្រោយកើតហេតុរថយន្តបង្កបានគេចខ្លួនបាត់ ចំណែកអ្នករងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
ករណីនេះ កើតឡើងកាលពីវេលាម៉ោង២១ និង០៧នាទី ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៣៩-៤០ ត្រង់ចំណុចភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង មិនស្គាល់ម៉ាក ពណ៌ ពាក់ស្លាកលេខ ឈ្មោះ និងទីលំនៅអ្នកបើកបរ បើករត់គេចខ្លួនបាត់ បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១០០ (កូរ៉េ) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១B.៦៣៨០ អ្នកបើកបរឈ្មោះ ទី សុភី ភេទប្រុស អាយុ២៩ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានឌុបមនុស្ស១នាក់ ឈ្មោះ អឿន សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ (រងរបួសស្រាល) អ្នកទាំងពីររស់នៅភូមិ ពោធិ៍អណ្តែត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែងជាមួយគ្នា កំពុងបើកបញ្រ្ចាសទិសគ្នា អ្នករងរបួសបានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យសម្ភពសុខណា កំពង់ស្ពឺ ចំពោះសព កំពុងរង់ចាំសាច់ញាតិមកទទួល អ្នកបើកម៉ូតូមានពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់មើលក្រោយ ចំពោះម៉ូតូខូចខាត ០១គ្រឿង(ធ្ងន់)សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះវិញ ៕ សេនាស័ក្តិ