ខេត្តពោធិ៍សាត់៖ សមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នា ចុះពិនិត្យ និងធ្វើការស្រាវជ្រាវលើករណីប្រទះឃើញសាកសព បុគ្គលិកនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិម្នាក់ក្នុងអង្រឹង ដែលគេសង្ស័យអាចបណ្ដាលមកពីជំងឺខ្យល់គរ(គាំងបេះដូង) ។
ហេតុការណ៍ចុះពិនិត្យសាកសពខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ ត្រង់ចំណុចក្នុងអង្រឹងក្រោមផ្ទះអ្នកភូមិ ស្ថិតក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ យឹម វ៉ាន់ណេត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃជ ឃុំព្រៃញតិ្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរ បុគ្គលិកបន្ដែតអង្គភាព នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។
ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថខាងលើបន្តថា បន្ទាប់ពីកម្លាំងជំនាញស្ថាប័នពាក់ព័ន្ធពិនិត្យ និងស្រាវជ្រាវរួចរាល់ ជនរងគ្រោះគេមិនដឹងស្លាប់ក្នុងចន្លោះម៉ោងប៉ុន្មាននោះទេ ប៉ុន្តែត្រូវបានគេសន្ថិដ្ឋានបានអាចក្នុងចន្លោះម៉ោង២៣យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នេះឯង ។
ប្រភពដដែលបន្តទៀតថា ក្រោមការពិនិត្យ និងស្រាវជ្រាវជាក់ស្ដែងលើខ្លួនប្រាណសាកសព ពុំមានស្លាកស្នាមអ្វីគេសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីមនុស្សឃាតអ្វីនោះទេ អាចស្លាប់ដោយជំងឺខ្យល់គរ(គាំងបេះដូង)ពិតប្រាកដ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន