ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ/រថយន្តស៊េរីទំនើប និងសត្វជ្រូក មាន់ ឆ្លងដែនកំពុងវាយលុកទីផ្សារកម្ពុជា តែមន្ត្រីជំនាញឃុបឃិតគ្នាបំបាត់ពន្ធរដ្ឋ

ចែករំលែក៖

ប៉ោយប៉ែត៖ ទោះជាប្រសាសន៍សម្ដេចក្រឡាហោមស ខេង ដាក់បទបញ្ជាដល់សមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែន ជាពិសេសយោធា និងនគរបាលការពារព្រំដែនគោកប៉ែកខាងកើតផ្លូវជាតិលេខ៥ បិទច្រករបៀងបឲ្យបាន បញ្ជៀសនូវបទល្មើសឆ្លងដែនក៏ដោយ ប៉ុន្តែជារៀងរាល់យប់ ទំនិញគ្រប់ប្រភេទរាប់បញ្ចូលទាំងរថយន្តស៊េរីទំនើប និងម៉ូតូផងនោះ ត្រូវក្រុមឈ្មួញនាំចូលមកកម្ពុជាទាំងថ្ងៃ ទាំងយប់ ។

ជាពិសេសច្រករបៀង ដែលក្រុមឈ្មួញឃុបឃិតគ្នានោះគីចាប់តាំងពីច្រករបៀងណងចាន់ឋិតក្នុងភូមិជោគជ័យ/ច្រករបៀងអូរបីជាន់ឋិតក្នុងភូមិអូរបីជាន់ និងច្រករបៀងព្រៃចាន់ឋិតក្នុងភូមិព្រៃចាន់ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ និងច្រករបៀងមួយចំនួនទៀត ។

បើសេចក្ដីរាយការបញ្ជាក់ថា នៅទីនោះគ្រប់គ្រងដោយយោធាការពារព្រំដែន៥០៣ និងនគរបាលការពារព្រំដែនគោកផងដែរ រាល់ទំនិញ និងសត្វព្រៃត្រូវគេរាយការណ៍ថា បាននាំចូលមកកម្ពុជានៅពេលយប់ចំណែកម៉ូតូ និងរថយន្តនាំចូលមកកម្ពុជានៅពេលថ្ងៃរសៀល ឬពេលយប់ដូចគ្នា ទៅតាមការអ្នកមើលផ្លូវឲ្យតម្រុយទៅក្រុមបក្ខពួកនៅខាងក្នុង ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ច្រករបៀងនៅតាមខ្សែបន្ទាត់ព្រំដែនដើម្បីសំដៅទប់ស្កាត់ រាល់បទល្មើសឆ្លងដែន ដែលធ្វើឲ្យបាត់បង់ពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋដោយសារតែជនខិលខូច ជួញដូរមនុស្សឆ្លងដែន និងបោកបញ្ឆោតពលរដ្ឋខ្មែរចូលទៅកាប់ឈើគ្រញូងខុសច្បាប់ នៅក្នុងទឹកដីថៃ រងនូវការបាញ់សម្លាប់ និងចាប់ដាក់គុកពីសំណាក់សមត្ថកិច្ចថៃនោះ ។

ប្រភពបន្ថែមថា ច្ររបៀង ដែលនាំចូលម៉ូតូច្រើនជាងគេក្នុង១ថ្ងៃ មិនក្រោមពី៣០គ្រឿងនោះ គឺច្រករបៀងក្នុងឃុំ និងស្រុកស្វាយចេក ជាពិសេសក្នុងភូមិដំណាក់កកោះ ដែលនៅទីនោះ គ្រប់គ្រងដោយយោធាការពារព្រំដែនគោក៥០៣ ។

បញ្ហាខាងលើនេះ អ្នកសារព័ត៌មានមិនទាន់មានការបកស្រាយពីក្រុមទាហានឈរជើងទីនោះឡើយ ដោយមិនស្គាល់អ្នកគ្រប់គ្រង ៕ វណ្ណា


ចែករំលែក៖