ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគបាលបានឃាត់ខ្លួនជនជាតិចិន៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ ពីបទបើកបរបង្កគ្រោះចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន៣ករណី ។
ប្រភពបន្តថា ករណីទី១ : នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៤:៣០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនខ្លួនអ្នកបើកបររថយន្ត ជនជាតិចិន ឈ្មោះ WANG HUAN ភេទប្រុស អាយុ៣៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E89930490 មុខរបរបុគ្គលិកកាសុីណូ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់ ដែលពាក់ ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុច កាស៊ីណូ ហ្គោលឌែន ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ បើករថយន្តថយក្រោយ បុកទ្វារកញ្ចក់ និងបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ ហ៊ុន សុផល ភេទប្រុស អាយុ៥១ឆ្នាំ បណ្ដាលឲ្យរងរបួសជើងធ្ងន់ធ្ងរ ។
ករណីទី២ : នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៩:១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិតនៅក្នុងភូមិគីរីវ័ន ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក HIGHLANDER ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ2P-2033 បើកបរដោយឈ្មោះ FANG GUANG FENG ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EC3926985 មុខរបរ លក់ដូរ ស្នាក់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាក លេខតាកែវ1F-1868 បើកបរដោយឈ្មោះ ទិត សុជា ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ លក់តាប៉ែ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង (ទិសដៅផ្ទុយគ្នា) ភ្លាមៗនោះអ្នកបើកបរម៉ូតូបានខ្ទាតមកលើផ្លូវក៏មានរថយន្ត ០១គ្រឿងទៀតម៉ាក TOYOTA VIP ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AB-3073 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មេគង្គអ៉ិចប្រេស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានកិនពីលើអ្នកបើកបរម៉ូតូបណ្តាល ឲ្យស្លាប់តែម្តង ។
ចំណែករថយន្តម៉ាក HIGHLANDER រត់គេច រហូតដល់ ចំណុចមុខរោចក្រតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងភូមិបិតត្រាង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាង ស្ទាក់ចាប់បានទាំងរថយន្ត និង អ្នកបើកបរបើកបរ ។ ចំណែកអ្នកបើកបររថយន្ត TOYOTA VIP រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។ អ្នកបើកបររថយន្តឈ្មោះ FANG GUANG FENG បាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។
ករណីទី៣: វេលាម៉ោង១:១០នាទីយប់រំលងអធ្រាត្រឆ្លងចូល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវឯករាជ្យ ត្រង់ចំណុចស្តុប៣៣៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ត០១គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាក លេខព្រះសីហនុ2B-3687 បើកបរដោយឈ្មោះ CHENG GIMAN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខE00498881 (គ្មានប័ណ្ណបើកបរ និងមិន សហការជាមួយសមត្ថកិច្ចក្នុងការពិនិត្យជាតិអាកុល ) មុខរបរលក់ដូរ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានទិសដៅពីលិច ឆ្កោះទៅកើត ។
លុះមក ដល់ចំណុចកើតហេតុបានបុកពីក្រោរថយន្ត០១គ្រឿងម៉ាក PORSCHE ពណ៌ស ពាក់ស្លាក លេខភ្នំពេញ2AK-3336 អ្នកបើកបរដោយឈ្មោះ PERERA WPATABENDEGE S.N ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិស្រីលង្កា សញ្ជាតិស្រីលង្កា កាន់លិខិតឆ្លងដែនលេខN6652131 មុខរបរអគ្គនាយកក្រុមហ៊ុន ស្នាក់នៅភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានទិសដៅស្របគ្នា។ គ្រោះថ្នាក់នេះមិនបង្កឲ្យមានមនុស្សរងរបួសទេ បណ្ដាលឲ្យខូចខាតរថយន្តទាំង០២គ្រឿងកំរិតធ្ងន់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ។
ទោះជាអ្នកបើកបរបង្កហេតុជាជនជាតិចិនរូបនេះ មិនព្រមសារភាព យ៉ាងណាក៍ដោយ ប៉ុន្តែក្រោយពីបានស្រាវជ្រាវ និងមានសាក្សីបញ្ជាក់ កម្លាំងជំនាញបានសន្និដ្ឋានថា អ្នកបើកបររថយន្តម៉ាក LEXUS RX300 បង្កគ្រោះថ្នាក់ចរាចរណ៍ជាជនជាតិចិនឈ្មោះ CHENG GIMAN ភេទប្រុស ពិតប្រាកដមែន ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ