ភ្នំពេញ៖ ហ្វេសប៊ុកផេកសម្តេចតេជោ ផ្សាយថាគណបក្សប្រជាធិបតេយ្យសេរី ដែលមានលោក ស៊ិនហ្សូ អាបេ ជានាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះដ៏ត្រចះត្រចង់បំផុត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ។
សារលិខិតរបស់ លោកតូស៊ីរ៉ូ នីកៃ អគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យសេរី និងជាសមាជិកសភាតំណាងរាស្រ្តជប៉ុន គឺត្រូវបាន លោកម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahi Imamura) សមាជិកសភាជប៉ុន នាំយកមកជូនដោយផ្ទាល់ដៃដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុ ក្នុងជំនួបដែលធ្វើឡើង កាលពី ព្រឹកថ្ងៃទី១០ ខែសីហា ។
លោកអគ្គលេខាធិការ បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះ ការដឹកនាំ របស់សម្តេចតេជោដែលបានធ្វើឱ្យប្រទេសកម្ពុជាបានឆ្លងចាក ផុតពីដំណាក់កាលដ៏សែនអកុសលនៃសង្រ្គាម ហើយបានបោះជំហាន យ៉ាងស្វាហាប់ឆ្ពោះទៅកាន់ការកសាងឡើងវិញ និងវិបុលភាព។
រដ្ឋាភិបាល ជប៉ុនពេញចិត្តនឹងបន្តធ្វើការជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីកសាង ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា ជប៉ុនឱ្យកាន់ តែល្អរឹងមាំថែម ទៀត។
ក្រៅពីជប៉ុន គឺមានប្រទេសជាច្រើនទៀត បានផ្ញើនូវសារលិខិតជូនពរ ជូន សម្តេចតេជោនាយករដ្ឋមន្រ្តីដូចជា ប្រទេសចិន, រុស្សី, ឥណ្ឌា, ហ្វីលីពីន, ថៃ, ឡាវ និងប្រទេសវៀតណាម៕ ចេស្តា