ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយប្រេងឥន្ធនៈនៅខណ្ឌពោធិ៍សែនជ័យមាន៣កន្លែងលក់មិនត្រូវស្ដង់ដារ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តដឹកនាំដោយលោក មាន ចំណាប់ ជាអនុប្រធាននាយកដ្ឋាន កាលពីព្រឹកថ្ងៃសុក្រ ១៤រោច ខែទុតិយា សាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ សហការ ជាមួយមន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាព ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួនដែលមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក មាន ចំណាប់ បានថ្លែងថា ប្រតិ បត្តិការនេះធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ច អ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប ជា ពិសេសទប់ស្កាត់ការកែ្លងបន្លំ ។

បើតាមអនុប្រធាននាយកដ្ឋានការត្រួត ពិនិត្យគុណភាព និងបរិមាណនេះគឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រតាមទំហំផ្សេងខុសគ្នាមានចំណុះ៥ លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែក សន្ទស្សអុកតាន និងសេតានវិញគឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីរពិសោធន៍ចល័ត ។

ជាលទ្ធផលនៃការត្រួតពិនិត្យគុណ ភាព និងបរិមាណប្រេងឥន្ធនៈបានរកឃើញស្ថានីយដេប៉ូចំនួន៦កន្លែងនៅទីតាំងខាង លើនេះមានស្ថានីយដេប៉ូ៣កន្លែងត្រឹមត្រូវតាមអនុលោមភាពទាំងគុណភាព និងរង្វាស់ រង្វាល់។ ចំណែក១ទីតាំងមិនមានអនុលោមភាពផ្នែកគុណភាព និង២ទីតាំងទៀតមិន មានអនុលោមភាពទាំងផ្នែកគុណភាព និងផ្នែកបរិមាណ ។

លោកបានបញ្ជាក់ទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយក ដ្ឋានកាំកុងត្រូលនឹងបន្តត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់នៅកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួត ពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្របត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់បើមិនពុំនោះសោធនឹងត្រូវទទួលរងចំណាត់ការតាម ច្បាប់ជាធរមាន ។

លោក មាន ចំណាប់ បានបញ្ជាក់ថា អ្នក ប្រើប្រាស់យានជំនិះទាំងអស់ត្រូវពិចារណា ជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេង ឥន្ធនៈដែលជាក្រុមហ៊ុនទុកចិត្តប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុប ពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយ គ្រប់ចំនួនលីត្រពិនិត្យមើលលេខកុងទ័រ នៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ ។

ជាមួយគ្នានេះត្រូវតាមដានដំណើរការ នៃលេខកុងទ័រដែលត្រូវចាប់ផ្ដើមជាមួយគ្នាម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយដែលបានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្នសុវត្ថិភាពផ្នែកអគ្គិភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី-ខេត្ត ឬមកអគ្គនាយកដ្ឋាន កាំកុងត្រូលក្នុងករណីដែលបាតុភាពជា យថាហេតុណាមួយ ៕ ហេង សូរិយា


ចែករំលែក៖