ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលជលផលចតុមុខឃាត់រថយន្តដឹកត្រីតាមផ្លូវជាតិលេខ៥ជំរិតទារប្រាក់រាល់ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ អំពើពុករលួយនិងសកម្មភាព គាបសង្កត់របស់មន្ត្រីជំនាញជលផលនៅតែកើតឡើងជាហូរហែទៅលើប្រជាពល រដ្ឋអ្នករកសុីតូចតាច ខណៈថ្នាក់លើហាក់ ធ្វើមិនដឹងមិនឮបណ្តោយឱ្យកូនចៅបង្កើតកុងត្រូលជជុះចល័តដេញចាប់អ្នករកសុី ដឹកត្រីជំរិតទារប្រាក់តាមអំពើចិត្ត។ ប្រការនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំង ថ្នាក់ខឹង និងអស់ជំនឿទៅលើថ្នាក់ដឹកនាំ កំពូលៗដែលពិបាកនឹងស្តារណាស់ ។

ជាក់ស្តែងប្រជាពលរដ្ឋដែលរកស៊ីទិញលក់ត្រីបោះដុំធ្វើដំណើរតាមផ្លូវជាតិលេខ ៥មួយចំនួនបានរិះគន់ថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងតែត្រូវមន្រ្តីរដ្ឋបាលជលផលចតុមុខដែលជាកូនចៅរបស់លោក ម៉ាញ ពៅ អនុប្រធានរដ្ឋបាលជលផលចតុមុខ និង លោក ម៉ែន វិបុល ប្រធានក្រុមត្រួតពិនិត្យ ការដឹកជញ្ជូនផលនេសាទបានចេញមក ស្ទាក់ផ្លូវនៅម្តុំទីតាំងរដ្ឋបាលជលផលចតុមុខតែម្តងដើម្បីជំរិតទាប្រាក់ បើសិនមិន បង់ប្រាក់ឲ្យទេនោះគឺត្រូវមន្រ្តីជលផលរូបនោះមិនអនុញ្ញាតឲ្យទៅលក់ត្រីឡើយដោយឃាត់ទុករហូតត្រីងាប់ស្អុយអស់ក៏មាន ។

អាជីវករដឹកត្រីម្នាក់បានខ្សឹបប្រាប់ឲ្យ ដឹងថា ទាំងយប់ទាំងថ្ងៃគេតែងតែឃើញ មន្រ្តីជលផលប្រមាណ២ទៅ៣នាក់ដែលក្នុងនោះមានម្នាក់ជិះរថយន្តតូយ៉ូតាម៉ាក កាមរី ពណ៌ប្រផេះមួយគ្រឿងចេញមកស្ទាក់ផ្លូវចាំចាប់រថយន្តដឹកត្រីចូលរាជធានីឬទៅខេត្តផ្សេងៗដើម្បីទារប្រាក់។

តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅក្នុងការស្ទាក់រថយន្តដឹកត្រីនេះបើសិន ជាមិនបង់ប្រាក់ឲ្យនោះទេមន្រ្តីជលផលរូបនោះបានយកលេសរកកំហុសឃាត់រថយន្តទុកក្នុងរយៈពេលយូររហូតដល់ត្រីងាប់ក៏ មានដែរ ។

អ្នករកស៊ីដឹកត្រីបានត្អួញត្អែរថា រកស៊ី ចិញ្ចឹមតែប្តីគេ ធ្វើម្តេចបើមិនបង់ឲ្យត្រូវគេ ធ្វើបាប​ ម្លេ៉ាះហើយចេះតែទ្រាំទៅបាន ចំណេញបន្តិចបន្តួច ជួនកាលងាប់ ត្រីអស់ក៏ខាតអស់ចុងអស់ដើម ។

ពួកគាត់បានឱ្យដឹងទៀតថា កាលពី វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី៦ ខែ សីហា ឆ្នាំ២០១៨គេឃើញមន្រ្តីជលផល រូបនោះបានចេញមកស្ទាក់រថយន្តដឹកត្រី នៅមុខអធិការដ្ឋានរដ្ឋបាលជលផលចតុមុខដែលស្ថិតនៅតាមផ្លូវជាតិលេខ៥ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវតែម្តង ។

តាមព័ត៌មានឲ្យដឹងថា ខណៈនេះគេ ឃើញថា ឲ្យតែរថយន្តដឹកឆ្លងកាត់ជាច្រើន គ្រឿងត្រូវមន្រ្តីជលផលរូបនោះចេញមកស្ទាក់ហៅឈប់ទារប្រាក់ ពេលបង់ប្រាក់ ហើយទើបអនុញ្ញាតឲ្យទៅ។ នៅពេល ដែលអ្នកយកព័ត៌មានឈប់ថតស្រាប់តែ មន្រ្តីរូបនោះបានប្រញាប់ប្រញាល់ឲ្យ រថយន្តនោះចេញទៅយ៉ាងរហ័ស ហើយក៏ បានបំបែកគ្នាចូលរដ្ឋបាលជលផលចតុ មុខវិញអស់ ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះភ្នាក់ងារយកព័ត៌មានកាសែតនគរវត្តបានសុំការបំភ្លឺពីមន្រ្តីជលផលចតុមុខ ហើយមន្ត្រីនោះបានអះអាងថា គេបានហៅរថយន្តដឹកត្រីដែលដឹកតាមផ្លូវនោះឱ្យចូលបង់ប្រាក់តែម្តងហ្នឹងក្នុងមួយរដូវបិទនេសាទនេះមិនមែនរាល់ថ្ងៃទេ ៕

 


ចែករំលែក៖