ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងនិងរបាំងថ្មពុះចែកទ្រូងផ្លូវមួយកង់ខូចខាតយ៉ាងដំណំ ក្នុងករណីគ្រោះថ្នាក់ចរាចរ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាំស់រថយន្ត៣គ្រឿងនិងរបាំងថ្មពុះចែកទ្រូងផ្លូវមួយកង់ខូចខាតយ៉ាងដំណំ ក្នុងករណីគ្រោះថ្នាក់ចរាចរ ខណៈដែលបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិ២នាក់ទៀត បានបើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងសភាពស្រវឹងស្រាយ៉ាងលឿន ដល់ចំណុចផ្លូវបែកជាបួនមិនបន្ថយលឿន ក៏ជ្រុលទៅបុករថយន្តកាមរីហាយប្រីដមួយគ្រឿង បណ្ដាលឲ្យខ្ទេចទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវនិងរថយន្តហ៊ីយ៉ាន់មួយគ្រឿងទៀត ដែលម្ចាស់ចតស្ងៀមលើចិញ្ចើមផ្លូវ ហើយរថយន្តបង្កខ្ទេចបុកបង្គោលភ្លើងថ្ម១ដើមទៀត ខូតខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃច័ន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិ២នាក់ទៀត បានបើករថយន្ត១គ្រឿងម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-8629 តាមបណ្តោយផ្លូវលេខ១៥៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករថយន្ត១គ្រឿង ម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-2768 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើងពេញទំហឹង បណ្តាលរថយន្តហាយប្រីត ខ្ទាតទៅប៉ះក្បាលនាគពុះចែកផ្លូវវៀច ចេញពីជួរតិចតួច រួចទៅប៉ះនិងរថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿងទៀត ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យខូតខាតតិចតួច។ ចំណែករថយន្តបង្កកាមរីបាឡែនវិលមួយជុំ ទៅបោកនិងបង្គោលភ្លើងថ្មមួយដើម នៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យខូចខាត ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួសធ្ងន់នៅះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកវាស់វែងយករថយន្តទាំង២គ្រឿងដែលខូចខាតយ៉ាងដំណំនោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ចំណែករថយន្តហ៊ីយ៉ាន់ដាយ ដែលខូតខាតតិចតួច ត្រូវម្ចាស់មិនចង់មានរឿងវែងឆ្ងាយក៏បើករថយន្តចេញទៅបាត់ ៕ស តារា


ចែករំលែក៖