ភ្នំពេញ៖ បន្ទាប់ពីក្រុមប្រតិបត្តិការក្រសួងមហាផ្ទៃនៅមន្ទីរប្រឆាំងគ្រឿងញៀន ដែលមានគ្នាប្រមាណជាង១០នាក់ ស្លៀកឯកសណ្ឋាន ស៊ីវិលបានចុះច្បាម មុខសញ្ញាគ្រឿងញៀន (ជនសង្ស័យ) ពេលនោះជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ រហូតមានការចាប់ខ្លួនមន្រ្តីនគរបាលប៉ុស្តិ៍មិត្តភាពម្នាក់ស្ថិតក្នុងឯកសណ្ឋាន កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅក្បែរប៉ុស្តិ៍មិត្តភាព ផ្លូវ១៣៩ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា ត្រូវបានដោះស្រាយបញ្ចប់ហើយ បន្ទាប់ពីស៊ើបដឹងថាជារឿងយល់ច្រឡំ។
យោងតាមប្រសាសន៍ លោកនាយឧត្តមសេនីយ៍ផ្កាយ៤ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថាករណីខាងលើនេះ “គឺជារឿងច្រលំគ្នារវាងនគរបាលមូលដ្ឋាននិងកម្លាំងសមត្ថកិច្ចសម្ងាត់បានដោះស្រាយគ្នាហើយ”។
ដោយឡែកលោក កូយ ផល្លា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ខណ្ឌ៧មករា បានឱ្យដឹងដែរថា ដំបូងឡើយ មន្រ្តីនគរបាលក្រសួងមហាផ្ទៃនៅមន្ទីរប្រឆាំងគ្រឿងញៀន ដែលមានគ្នាប្រមាណជាង១០នាក់ ឯកសណ្ឋាន ស៊ីវិលបានចុះច្បាម មុខសញ្ញាគ្រឿងញៀន (ជនសង្ស័យ) ពេលនោះជនសង្ស័យបានរត់ ហើយសមត្ថកិច្ចក្រសួងមហាផ្ទៃក៏បានស្រែក ថា ចោរ ស្របជាមួយគ្នានោះ មន្រ្តីនគរបាលប៉ុស្តិ៍មិត្តភាពរបស់លោក កំពុងល្បាតក្នុងដោយស្លៀកឯកសណ្ឋានជាសមត្ថកិច្ច ប្រដាប់ដោយកាំភ្លើង ក៏បានដេញ មុខសញ្ញាដូចគ្នា ក៏ប៉ុន្តែនគរបាលប៉ុស្តិ៍មូលដ្ឋានមិនបានស្គាល់ថា អ្នកណាមួយជាសមត្ថកិច្ចពិតប្រាកដ ឫអ្នកណាជាជនសង្ស័យ ទើបសម្រេចចិត្តផ្ទុះអាវុធ មួយគ្រាប់ ក្នុងគោលបំណង បង្អាក់សកម្មភាពជនសង្ស័យ មិនឱ្យរត់ ប៉ុន្តែ បែរជាពួកគេជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃទើបយល់ច្រឡំ ហើយបែរជាសម្រេចឃាត់ខ្លួន មន្រ្តីនគរបាលមូលដ្ឋានម្នាក់នាំមកសាកសួរតែម្តង ។
លោកនាយប៉ុស្តិ៍មិត្តភាពបន្តទៀតថា រហូតមកដល់ពេលនេះ មន្រ្តីនគរបាលប៉ុស្តិ៍មិត្តភាពដែលត្រូវគេចាប់ខ្លួននោះ ត្រូវបានត្រលប់មកផ្ទះវិញហើយ ហើយរឿងនេះជារឿងយល់ច្រលំ រវាងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន និងនគរបាលមូលដ្ឋាន បានបញ្ចប់រួចរាល់ហើយ ៕ស រស្មី