ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជោកជាំដើរដួលធ្លាក់ទឹកស្នាមភ្លោះស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងដឹង៦.៣០នាទីថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ គង់ ជិន ភេទប្រុស អាយុ ៨៤ឆ្នាំ នៅភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ឈ្មោះ ទី តឿន ប្រុស អាយុ ៣៨ឆ្នាំ នៅភូមិ/ឃុំជាមួយ (ត្រូវជាកូនប្រសា)បានបំភ្លឺថា÷ នៅថ្ងៃ១៣.០៨.២០១៨ វេលាម៉ោង១៥.០០នាទីគាត់មកពីធ្វើការបានចូលលេងផ្ទះឪពុកក្មេក ហើយបានឃើញគាត់យកកង់កញ្ចាស់ ១គ្រឿងលក់អេតចាយបានលុយ ៦០០០៛ ប្រាប់ខ្ញុំថាទៅរកទិញផ្លែឪឡឹកហូបនៅភូមិដងអន្ទាក់ប្រហែល៣គីឡូម៉ែត្រ ខ្ញុំក៏នៅអង្គុយលេងជាមួយម្ដាយក្មេក និងប្រពន្ធរហូតដល់ម៉ោងប្រហែល ១៩ មិនឃើញគាត់មកវិញ ក៏នាំប្រពន្ធទៅផ្ទះ ដោយមិនចាប់អារម្មណ៍ថាគាត់មិនមកផ្ទះនោះទេ ព្រោះថាកន្លងមកគាត់ធ្លាប់ស្រវឹងស្រាស ហើយដើរដួល ឬក៏នៅតាមផ្ទះគេរហូតស្វាងស្រាបានមកផ្ទះ
លុះព្រឹកឡើងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៦និង៣០នាទី ខ្ញុំនិងប្រពន្ធបានមកផ្ទះគាត់ម្ដងទៀត ស្រាប់តែម្ដាយក្មេកបានប្រាប់ថា ទៅដើររកឪអារមើល យប់មិញមិនមកផ្ទះទេ លឺដូចនោះខ្ញុំបាទក៏បានដើររកគាត់ សំដៅមកក្នុងភូមិដងអន្ទាក់ ជិះម៉ូតូចេញពីផ្ទះមកទិសខាងជើងបានចំងាយ ៥០០ម៉ែត្រ ស្រាប់ តែឃើញឪពុកក្មេកខ្ញុំបាទអណ្ដែតនៅក្នុងទឹកស្នាម ភ្លោះជាប់ផ្លូវលំ ហើយមិន ដឹងស្លាប់ពីពេលណាមកទេ ។ឃើញដូចនោះខ្ញុំបាទបានស្រែកហៅប្រពន្ធនិងបង ប្អូនក្នុងភូមិឱ្យជួយ ។
ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាមកម្លាំងជំនាញ កម្លាំងប៉ុស្ដិ៍នគរបាលសាលាវិស័យ និងអាជ្ញាធរភូមិបានចុះដល់ កន្លែងកើតហេតុ និងបានពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ ទឹកប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។
មូលហេតុៈស្រវឹងស្រា ហើយដួលធ្លាក់ទឹកស្នាមភ្លោះ ។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី