ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍បឹងទំពន់ទី១ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចកាច់ស្លាកលេខពីរថយន្តរបស់ប្រជាពលរដ្ឋ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះលេខ១០៩ ផ្លូវលេខ៣១BT ភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍បឹងទំពន់១បានប្រាប់បច្ចុប្បន្នភាពឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ លី រុន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ EDARDO SPANAGUITON (អេឌ័រដូ ប៉ាណាហ្គីតុន) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិហ្វីលីពីន មុខរបរគ្រូបង្រៀនភាសាអង់គ្លេស។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន ស្លាកលេខរថយន្តភ្នំពេញ 2I-0638 ចំនួន២បន្ទះ(ជារបស់ជនរងគ្រោះ) និងកង់ដៃការ៉េ ពណ៌ទឹកប្រាក់ ១គ្រឿង, ពិលពណ៌លឿន១, ដង្កាប់ចំនួន១ និងថង់ប្លាស្ទិច ពណ៌ខ្មៅចំនួន១គ្រឿង។

មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យខាងលើ ជិះកង់ដៃកូរ៉េ មួយគ្រឿង ដោយមានព្យួរថង់ប្លាស្ទិចពណ៌ខ្មៅជាប់នឹងដៃកង់ ។ ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ដើម្បីឆែកឆេរនិងត្រួតពិនិត្យ ស្រាប់តែរកឃើញស្លាកលេខរថយន្តចំនួន២បន្ទះ ដង្កាប់ចំនួន១ និងពិលពណ៌លឿន១ នៅក្នុងថង់ប្លាស្ទិចពណ៌ខ្មៅ ទើបឃាត់ខ្លួនតែម្តង។ បន្ទាប់មកជនសង្ស័យសារភាពថា ស្លាកលេខរថយន្តទាំង២បន្ទះនេះ ខ្លួនបានធ្វើសកម្មភាពលួចកាច់យកពីរថយន្ត១គ្រឿងម៉ាក កាមរីឆ្លាម ពណ៌ទឹកប្រាក់ ដែលគេចតទុកចោលនៅមុខផ្ទះ ។ ទើបនៅវេលាម៉ោង៧និង៣០នាទីថ្ងៃដដែល នគរបាលនាំខ្លួនជនសង្ស័យ ទៅចង្អុលបង្ហាញទីតាំងកើតហេតុ ទើបជនរងគ្រោះពិនិត្យមើលស្លាកលេខរថយន្ត អះអាងជារបស់ខ្លួនដែលបាត់ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕អារុណរះ


ចែករំលែក៖