ភ្នំពេញ៖ ដោយសារតែការប្រើប្រាស់គ្រឿងញៀនហួសកម្រិត បានធ្វើឲ្យបុរសម្នាក់រវើរវាយ(បែកថ្នាំ)ដើរតាមផ្លូវមានហូរឈាមប្រឡាក់ពេញខ្លួន បានធ្វើសកម្មភាពអុកឡុកប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដឺលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញបុរសបែកថ្នាំខាងលើនេះ បានដើរធ្វើសកម្មភាពអុកឡុកគេឯងដោយយកដំបងនឹងដុំថ្មគុបទៅលើរថយន្ត នឹងកាច់កញ្ចក់រថយន្តពលរដ្ឋដែរគេចតនៅតាមផ្លូវបង្កការភ្ញាក់ផ្អើលតែម្តង ។ ភ្លាមនោះគេឃើញសន្តិសុខយាមការនៅក្បែរកន្លែងកើតហេតុដេញចេញ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកក់ទី២ ចុះមកអន្តរាគមន៍ឃាត់ខ្លួនបុរសខាងលើនេះបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំតែម្តង ដើម្បីកុំឲ្យដើរធ្វើសកម្មភាពអុកឡុកបែបនេះ ។
ក្រោយពីឃាត់ខ្លួនបុរសបែកថ្នាំខាងលើនេះរួច សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងសង្គមកិច្ច មកទទួលយកទៅកាន់មន្ទីរសង្គមកិច្ចនិងមណ្ឌលកែរប្រែផងដែរ ៕ស តារា