ខេត្តសៀមរាប៖ មានករណីជនបរទេសស្លាប់ដោយជំងឺស្ទះសរសៃឈាម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ក្រោយពី សមត្ថកិច្ច ទទួលព័ត៌មានពីបុគ្គលិកសណ្ឋាគារGOLDEN BUTTERFLY VILLAភ្លាមៗនោះ កម្លាំងបានទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ GILDRED JOSEPH DANIEL ភេទប្រុស កើតឆ្នាំ១៩៧៧ ជនជាតិ អាមេរិកាំង បានដេកស្លាប់នៅក្នុងបន្ទប់លេខ១១០ នៃសណ្ឋាគារខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់លេខ១១០សណ្ឋាគារGOLDEN BUTTERFLY VILLA ភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត គង់ រិទ្ធី គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់តាំងពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៨ ដោយជំងឺស្ទះសរសៃឈាមបេះដូង-ដាច់សរសៃឈាមខួរក្បាល។
បច្ចុប្បន្នសាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញតាមសំណូមពររបស់ក្រុមគ្រួសារនិងតំណាងស្ថានទូត ៕ ប៊ុនរិទ្ធី