ព័ត៌មានទាន់ហេតុការណ៍៖

ទឹកដីសង្កាត់កាកាបទី១បទល្មើសឆក់ស្ទើររាល់ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ត្រឹមតែរយះពេល១០នាទីប៉ុណ្ណោះ បទល្មើសចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនៅចំណុចមុខ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មុខព្រលានយន្តហោះ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យបានកើតឡើងចំនួន២ករណីផ្ទួនៗគ្នាតែសមត្ថកិច្ចមិនអាចបង្ក្រាបបាន។

លើកទី១​ ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូប របស់ជនជាតិចិន កំពុងជិះម៉ូតូកង់បី ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី វេលាម៉ោង១២និង២០នាទីថ្ងៃត្រង់​ ថ្ងៃទី១៥ ខែសីហា លុះនៅវេលាម៉ោង១២និង៣០នាទី បន្ទាប់មក ជនសង្ស័យ ២នាក់ ជិះម៉ូតូ ស្កុបពីមួយគ្រឿង ធ្វើសកម្មភាពឆក់ កាបូបស្ពាយ ពីស្រ្តីម្នាក់ ឈ្មោះ ឡុង សុវណ្ណ អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិគុម្ពូតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈដែលស្រ្តីរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N-4336 ធ្វើដំណើរវិលត្រឡប់ មកពីពិនិត្យសុខភាពនៅមន្ទីរពេទ្យវិញ ដោយធ្វើដំណើរ ក្នុងបំណងទៅផ្ទះ ជិះលើផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ដល់មុខអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានជនសង្ស័យគ្នា២នាក់ ជិះម៉ូតូស្កុបពី ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ មកឆក់យកកាបូបទៅបាត់ ដោយសុវត្ថិភាព ។

តាមសម្តីជនរងគ្រោះបានយំរៀបរាប់ឲ្យដឹងថា ក្នុងកាបូប មានលុយខ្មែរជាង១លានរៀល ប្រាក់ដុល្លារ ជិត១ពាន់ដុល្លារ ទូរស័ព្ទដៃមួយគ្រឿង ថ្នាំពេទ្យ និងឯកសារ សម្ភារៈមួយចំនួនទៀត ។

សកម្មភាពបទល្មើសចោរឆក់កើតមាន ច្រើនលើកច្រើនសារ លើដងផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះ ក្នុងភូមិសាស្រ្ត សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នាពេលបច្ចុប្បន្ន ដូចជាកើតមានច្រើន ស្ទើររាល់ថ្ងៃទៅហើយ ត្រូវបានប្រជាពលរដ្ឋ រឹះគន់ ទៅលើលោក ប៉ាល់ យុត្ថា មេប៉ុស្តិ៍កាកាប១ គ្មានផែនការ ការពារ បង្ក្រាប បទល្មើសចោរឆក់ សូម្បីតែចាប់ចោរឆក់ កាលពីព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ក៏មិនមែនកម្លាំងរបស់ប៉ុស្តិ៍ ដេញបង្ក្រាបចាប់បានដែរ ពោលកម្លាំងផ្សេង ឡើងទៅសហការជួយចាប់ទៅវិញទេ ។

ពលរដ្ឋបានខ្សឹបខ្សៀវគ្នាថា លោក មេប៉ុស្តិ៍កាកាប១ ពេលនេះ ដោយសារបទល្មើសចោរឆក់ច្រើនក្នុងមូលដ្ឋានរបស់លោក ហើយបង្ក្រាបមិនបាន រហូតដល់លោកមេប៉ុស្តិ៍ ប្រើយុទ្ធសាស្រ្ត ជួលកម្លាំងផ្សេង ទោះជាខុសជំនាញ ខុសវេនប្រចាំក៏ដោយ ក្នុងករណីអ្នកណាចាប់ចោរឆក់ ក្នុងភូមិសាស្រ្តរបស់លោកបាន ម្នាក់ឲ្យសគុណ១០០ដុល្លារ តែធាតុពិត នៅយប់ថ្ងៃទី១៤ ខែសីហា កម្លាំងប៉ូលីសផ្សេងចាប់បានចោរ២នាក់ លោកមេប៉ុស្តិ៍ប្រាប់ថាអត់លុយ ឲ្យក្នុងម្នាក់តែ១០ដុល្លារ បាត់អស់លេខសូន្យមួយទៅហើយ ។

ពលរដ្ឋបន្តទៀតថា លោកមេប៉ុស្តិ៍ ថ្វីត្បិតចាប់ខ្លួនជនសង្ស័យ២នាក់ បានពិតមែន បទល្មើសឆក់ មិនបានស្ងប់ស្ងាត់ឡើយ មួយភ្លែតកើតមានករណីឆក់ ២លើកផ្ទួនគ្នា ទៀតហើយនៅរសៀលថ្ងៃទី១៥ ខែសីហានេះ ជាហេតុធ្វើឲ្យ មុខមេប៉ុស្តិ៍ជូរជាងផ្លែអំពិលទៅទៀត ៕ សុខាសែនជ័យ


ចែករំលែក៖