ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅទិញឥវ៉ាន់ត្រូវចោរប្លន់លុយអស់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូទៅផ្សារទិញ​អីវ៉ាន់​ធ្វើ​ម្ហូប​ ​ត្រូវ​ជនសង្ស័យ​មួយក្រុមយក​កាំបិត​ផ្គាក់​ភ្ជង់​គំរាម​យក​លុយហើយគេចខ្លួនបាត់។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ពស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ជាប់​របង​វិទ្យាល័យ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ឡាយ អូន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​បាយ​នៅ​មុខ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ អង្គ​តា​គៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​មួយ​គ្រឿង​ម៉ាក​គុប​ទៅ​ទិញ​អីវ៉ាន់ធ្វើ​ម្ហូប​នៅ​ផ្សារ​ជម្ពូ​វ័ន លុះ​ជិះ​ម៉ូតូ​មក​ដល់​ជិត​របង​វិទ្យាល័យ​ជម្ពូ​វ័ន ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម និង​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ ពណ៌​ខ្មៅ ជិះ​ស្រប​ទិស​គ្នា​មក​ពីក្រោយ​គាត់ ហើយ​បាន​បើក​ម៉ូតូ​មកវ៉ា​​ស្ទាក់​ពីមុខ​គាត់ ដោយ​យក​កាំបិត​ផ្គាក់​ចំនួន​២​ដើម​ភ្ជង់​គំរាម​ឱ្យ​គាត់​ឈប់ ហើយ​ធ្វើ​សកម្មភាព​យក​លុយ​ក្នុង​ហោប៉ៅ​ខោ​របស់​គាត់​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​ក្រុម​ជនសង្ស័យ​យក​លុយ​បាន​ភ្លាម​ៗ ស្រាប់តែ​ជួន​ពេល​នោះ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​ស្រប​ពីក្រោយ​គាត់​ផង​ដែរ ។ បន្ទាប់​មក​គាត់​បាន​ស្រែ​កថា «​ចោរ​ៗ» ពេល​នោះ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​ចេញទៅ​ ដោយ​​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ផ្លូវជាតិ​លេខ​៤ និង​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ បាត់។

ក្រោយ​ពេល​កើតហេតុ ស្ត្រីជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ឡើយ ដោយ​គ្រាន់តែ​ជិះ​ម៉ូតូ​មក​ប្រាប់​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ហើយ​មិន​ទាន់​បាន​ជួប​សមត្ថកិច្ច​ផង គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​ភ័យ​ខ្លាំង​ពេក ណាមួយ​អស់​លុយ​ទិញ​អីវ៉ាន់​ផង ៕ សុខាសែនជ័យ


ចែករំលែក៖