ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូទៅផ្សារទិញអីវ៉ាន់ធ្វើម្ហូប ត្រូវជនសង្ស័យមួយក្រុមយកកាំបិតផ្គាក់ភ្ជង់គំរាមយកលុយហើយគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅជាប់របងវិទ្យាល័យជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ឡាយ អូន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់បាយនៅមុខរោងចក្រ មានទីលំនៅក្នុងភូមិ អង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកមួយគ្រឿងម៉ាកគុបទៅទិញអីវ៉ាន់ធ្វើម្ហូបនៅផ្សារជម្ពូវ័ន លុះជិះម៉ូតូមកដល់ជិតរបងវិទ្យាល័យជម្ពូវ័ន ស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ក្នុងនោះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម និងមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ជិះស្របទិសគ្នាមកពីក្រោយគាត់ ហើយបានបើកម៉ូតូមកវ៉ាស្ទាក់ពីមុខគាត់ ដោយយកកាំបិតផ្គាក់ចំនួន២ដើមភ្ជង់គំរាមឱ្យគាត់ឈប់ ហើយធ្វើសកម្មភាពយកលុយក្នុងហោប៉ៅខោរបស់គាត់តែម្តង ។
ប្រភពព័ត៌មានបានបន្តទៀតថា ពេលក្រុមជនសង្ស័យយកលុយបានភ្លាមៗ ស្រាប់តែជួនពេលនោះមានម៉ូតូមួយគ្រឿងជិះស្របពីក្រោយគាត់ផងដែរ ។ បន្ទាប់មកគាត់បានស្រែកថា «ចោរៗ» ពេលនោះជនសង្ស័យទាំង៣នាក់បានជិះម៉ូតូចេញទៅ ដោយជនសង្ស័យ២នាក់បានជិះម៉ូតូទៅផ្លូវជាតិលេខ៤ និងម្នាក់ទៀតបានជិះម៉ូតូត្រឡប់ក្រោយវិញ បាត់។
ក្រោយពេលកើតហេតុ ស្ត្រីជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងឡើយ ដោយគ្រាន់តែជិះម៉ូតូមកប្រាប់សមត្ថកិច្ចតែប៉ុណ្ណោះ ហើយមិនទាន់បានជួបសមត្ថកិច្ចផង គាត់បានត្រឡប់ទៅផ្ទះវិញ ព្រោះភ័យខ្លាំងពេក ណាមួយអស់លុយទិញអីវ៉ាន់ផង ៕ សុខាសែនជ័យ