ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងច្បារមនចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមសេចក្តីណែនាំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ដោយមើលឃើញ ការផ្ញើម៉ូតូ ការដាក់តម្រៀបម៉ូតូយកលុយ នៅលើផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ បង្កឲ្យមានការកកស្ទះ បាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាព បង្កការរិះគន់ដល់សាលាក្រុងច្បារមននោះ ទើបរដ្ឋបាលរបស់សាលាក្រុងនេះ បានសម្រេចចេញសេចក្តីជូនដំណឹងដល់ម្ចាស់ទីតាំងផ្ញើម៉ូតូ ព្រមទាំងចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់​ជាបន្តបន្ទាប់ផងដែរ ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយក្នុងនោះបានចាប់លើកយានយន្តដាក់លើឡានជាច្រើនគ្រឿង​ដែលចត់គ្មានសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណៈ ដើម្បីឲ្យម្ចាស់ចូលខ្លួនទទួលយកការអប់រំផងដែរ ។

ជាមួយគ្នានេះ រដ្ឋបាលសាលាក្រុងច្បារមន ដែលមានលោក ហុក ម៉ារ៉ាឌី ជាអភិបាល ​បានចេញសេចក្តីជូនដំណឹង​ដល់ម្ចាស់ទីតាំងទទួលផ្ញើម៉ូតូទាំងនៅខាងត្បូង និងទាំងនៅខាងជើងផ្សារកំពង់ស្ពឺ ត្រូវតែគោរពច្បាប់ស្តីពីផ្លូវថ្នល់, គោរពតាមសៀវភៅបន្ទុកស្តីពីការវិនិយោគផ្សារជាដើម ។

ម្ចាស់ទទួលផ្ញើម៉ូតូទាំង៣ទីតាំងនៅជុំវិញផ្សារកំពង់ស្ពឺត្រូវតែបញ្ឈប់ការរៀបម៉ូតូផ្ញើយកលុយនៅលើផ្លូវសាធារណៈ និងការយកថ្លៃផ្ញើម៉ូតូលើសពីការកំណត់ក្នុងសៀវភៅបន្ទុក ចាប់ពីថ្ងៃជូនដំណឹងតទៅ ហើយក្នុងករណីមិនព្រមអនុវត្តតាម រដ្ឋបាលក្រុង នឹងចាត់វិធានការតាមច្បាប់ គ្មានការលើកលែងឡើយ ៕


ចែករំលែក៖