ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីបរិស្ថានការពារព្រៃឡង់ មកបោះស្លាកយីហោរំលោភលើដីប្រជាពលរដ្ឋពីរគ្រួសារដោយគ្មានការអនុញ្ញាត ឬសួរនាំពីអាជ្ញាធរឡើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ប្រជាពលរដ្ឋពីរគ្រួសារបានអះអាងថា នេះជាដីពួកគាត់យូរយារណាស់ មកហើយ កេរ្តិ៍តពីម្តាយឪពុករបស់ពួកគាត់មក តែក្រោយមក បែរជាមន្រីការពារព្រៃឡង់មួយក្រុម យកស្លាកយីហោក្លោងទ្វារ មកបោះ រំលោភលើដីរបស់ពួកគាត់ ដើម្បីយកធ្វើជាកម្មសិទ្ធិស្របច្បាប់ទៅវិញ ដោយគ្មានបានជូនដំណឹង ឬក៏សុំអនុញ្ញាតពីអាជ្ញាធរ ឃុំ និងស្រុកនោះបានដឹងឡើយ នៅល្ងាចថ្ងៃអង្គារ ៣កើត ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្ត្តស្ទឹងត្រែង។

ប្រភពពីប្រជាពលរដ្ឋរស់នៅទីនោះ បាននិយាយថា ដីនោះពិតជាដីរបស់ លោកស៊ី សែន អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះឡុង សាក់ រស់នៅភូមិ ឃុំខាងលើ និងពិតប្រាកដមែន ហើយដីនេះ ជាប្រភេទដីឡូត៍ សម្រាប់ធ្វើលំនៅឋានពួកគេ តែគ្នានៅមិនទាន់មានលទ្ធភាពធ្វើផ្ទះនៅ ម្យ៉ាងទៀតគេអាងថាដីនៅក្នុងភូមិផង គ្មានអ្នកណាហ៊ានមកបំពានយកនោះទេ ហើយអ្នកណាៗ រស់នៅក្នុងភូមិនេះ ក៏គេដឹងថា ជាដីឈ្មោះស៊ី សែន នោះដែរ ជាពិសេស លោកមេភូមិ និងលោកមេឃុំ ក៏លោកជ្រាបពីបញ្ហានេះដែរ ។

ចំណែកលោកស៊ី សែន និងអ្នកស្រី ឡុង សាក់ ពីរនាក់ប្តីប្រពន្ធនោះ បានផ្តល់នូវ បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មានដឹង នៅល្ងាចថ្ងៃខែឆ្នាំដដែលថា មន្ត្រីបរិស្ថានមួយក្រុមមកបោះបង្គោលក្លោងទ្វារយីហោ របស់ខ្លួន រំលោបលើដីរបស់ពួកគាត់ ហើយគាត់ក៏សួរថា មកធ្វើនេះមានលិខិត អនុញ្ញាតពីអាជ្ញាធរទេ គេថា អត់មានទេ នេះជាដីព្រៃឡង់ គេយកធ្វើស្នាក់ការបរិស្ថាន ការពារព្រៃឡង់ របស់គេទៅវិញ។ ក្រោយមក គាត់ក៏បានជម្រាបជូនទៅលោកមេឃុំ លោកនិយាយថា ធ្វើនេះ មិនត្រូវទេ លោកអត់ដឹងដែរ មកបោះក្លោងទ្វារធ្វើស្នាក់ការបរិស្ថានការពារព្រៃឡង់ស្អីនៅក្នុងភូមិ ។ លោកថា អត់ដឹងទេ ហើយនេះជាដីមានម្ចាស់អស់ហើយ ទើបនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ លោកមេឃុំកោះហៅមន្ត្រីបរិស្ថាននោះមកដោះស្រាយ តែមិនបានផលនោះទេ ព្រោះមន្ត្រីបរិស្ថាន មិនព្រមដកចេញនោះទេ គេថា នេះជាបញ្ជាថ្នាក់លើរបស់គេ ។

លោកបន្តទៀតថា មន្ត្រីបរិស្ថាននោះ គេនិយាយថា បើលោកមិនព្រម គេនឹងដាក់ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ចំណែកលោកក៏មិនព្រមប្រគល់ឲ្យទៅបរិស្ថានងាយៗនោះដែរ ព្រោះដីនេះ លោកទិញពីឈ្មោះ យ៉េ លួន យូរហើយ ត្រូវជាបងប្អូនដែរ ដោយអត់លុយធ្វើផ្ទះនៅ គ្រាន់តែកាប់ឆ្ការជារៀងរាល់ឆ្នាំតែប៉ុណ្ណោះ ព្រោះដោយសារតែដីនេះនៅក្នុងភូមិ ជាប់ផ្លូវមានគេឯងរស់នៅ ខ្លះក៏មិនទាន់នៅ ដូចពួកគាត់ដែរ ម៉េចមិនយកឲ្យអស់ទៅ? ។

ជាទីបញ្ចប់ ពួកគាត់ ក៏បានសំណូមពរ ដល់អាជ្ញាធរស្រុក ខេត្ត ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន មេត្តាជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ដល់ពួកគាត់ ជាកូន ជាចៅផង ព្រោះពួកគាត់មានតែដីប៉ុណ្ណឹងទេ ទុកចែកកូនៗ ធ្វើផ្ទះនៅតែប៉ុណ្ណោះ ។

ជុំវិញរឿងនេះ លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងតាមទូរស័ព្ទថា លោកអត់បានដឹងនោះទេ បញ្ហានេះ ព្រោះខាងមន្ទីរបរិស្ថាន និងមន្ត្រីបរិស្ថានការពារដែនជម្រកសត្វព្រៃព្រៃឡង់ មិនបានជូនដំណឹង ឬក៏មកសុំច្បាប់អនុញ្ញាតពីលោក នោះទេ លោកនិយាយថា ឲ្យសួរទៅលោកមេឃុំ និងខាងបរិស្ថាននោះទៅចុះ ។

ចំណែកលោក ព្រះ ហែម មេឃុំចំការលើ ក្រោយពេលលោកហៅម្ចាស់ដី និងខាងមន្រ្តីបរិស្ថាន មកជួបដើម្បីដោះស្រាយ គ្នានៅសាលាឃុំនោះ មិនបានបំភ្លឺ ឬបញ្ជាក់ឲ្យអ្នកសារព័ត៌មានបានដឹងនោះទេ ព្រោះទូរស័ព្ទ លោកខលចូល (៣ដង) គ្មានអ្នកទទួល ។

ប្រភពពីមន្ត្រីបរិស្ថានម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោកមិនហ៊ាននិយាយច្រើនទេ ព្រោះខ្លួនជាកូនចៅគេ គ្រាន់តែប្រាប់ថា ឲ្យទៅជួបលោក ឡាយ ឡារ៉ូ នាយកដែនជំរកសត្វព្រែការពារព្រៃឡង់ នៅមន្ទីរបរិស្ថានខេត្តទៅ លោកមិនអាចបំភ្លឺបានទេ ព្រោះលោកកូនចៅគេ ។ លេខទូរស័ព្ទរបស់លោក ឡាយ ឡារ៉ូ ក៏លោកមិនហ៊ានឲ្យដែរ ខ្លាចមេលោកបន្ទោស តែលោកគ្រាន់តែលួចប្រាប់ថា នេះជាដីព្រៃ មកបោះក្លោងទ្វារ ដើម្បីបានទីតាំងសម្រាប់ធ្វើស្នាក់ការហើយ ទើបដាក់សំណើទៅស្រុក និងខេត្ត ជាក្រោយ ៕ មាស សុផាត


ចែករំលែក៖