ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបរថយន្ដដឹកឈើប្រណីតរបស់ឈ្មួញដ៏ធំប្រចាំ ខេត្តកំពង់ស្ពឺឈ្មោះ ណុបឌី ហៅ ឆើត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឈើប្រណីតពេញមួយរថយន្តធំ ដែលមេឈ្មួញដឹកប្រុងលោតឆត្រទៅលក់នៅ ខេត្តតាកែវនោះ ពេលនេះត្រូវសមត្ថកិច្ចមេព្រៃ ខេត្តកំពង់ស្ពឺបង្ក្រាបទាំងឈើទាំងឡាន ខណៈពីដើមមកការចរាចរណ៍របស់ឈ្មួញដ៏ធំមួយនេះរួចផុតពីការបង្ក្រាបគ្រប់ពេលវេលានោះ ។ តៃកុងឡានដឹកឈើត្រូវបានស្គាល់ និងដឹងថា ជាប្អូនបង្កើតរបស់ឈ្មួញឈើ ណុបឌី ហៅ ឆើត តែម្តងគឺឈ្មោះ វឿន រស់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍ឃាត់រថយន្តដឹកឈើប្រណីតពេញមួយរថយន្តនេះ ធ្វើឡើងនៅចំណុចផ្លូវលំ នាវេលាម៉ោ១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្ត ដែលជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B 4905 ដែលមានដឹកឈើពេញតែម្តង ។

បើតាមប្រភពព័ត៌មានបាននិយាយឲ្យដឹងថា តាមការពិតឡានដឹកឈើរបស់ឈ្មួញខាងលើមាន០២គ្រឿង ដែលដឹកឈើចេញពី ខេត្តពោធិសាត់តាមច្រកអូរត្រាវឆ្លងកាត់អូររទេះភ្លូកកាត់ផ្លូវខាងលើឡើង ទៅក្រុងច្បារមនបន្តទៅ ខេត្តតាកែវ តែជាអកុសល ក៏ជួបជាមួយក្រុមអ្នកការសែតមួយក្រុម ដែលមានទាំងសមត្ថកិច្ចផង ដែលបានស្ទាក់ឃាត់នៅចំណុចខាងលើ ដោយបានចរចាគ្នាពេលនោះឈ្មួញបានចំណាយលុយដល់សមត្ថកិច្ចទាំងនោះជាថ្នូរនឹងការដោះតៃកុងឡាន និងលែងឡានយីឌុបមួយគ្រឿងផ្សេងទៀតឲ្យរួចផុតពីការចាប់ខ្លួន ។ ប្រភពបន្តថា ក្រោយមកដំណឹងនេះ ក៏ដឹងដល់អស់លោកមេព្រៃ ក៏ចុះទៅចាប់ឃាត់រថយន្តខាងលើតែម្តង ។

បន្ទាប់ពីមេព្រៃទៅដល់ ក៏អូសយករថយន្តខាងលើទៅកាន់រដ្ឋបាលព្រៃឈើកំពង់ស្ពឺដើម្បីវាស់វែង និងចាត់វិធានការតាមច្បាប់ស្តីពីព្រៃឈើ ។

បើតាមសម្តីរបស់មន្ត្រីសមត្ថកិច្ចបាននិយាយឲ្យដឹងថា បានជាមេឈ្មួញដ៏ធំល្បីឈ្មោះណុប ឌីហៅ ឆើត មានសំណាងគេចផុតពីក្រុមបង្ក្រាប មានជំនាញ បរិស្ថាន អង្គការនានា សមត្ថកិច្ចតាមដងផ្លូវនោះ គឺមេឈ្មួញឈ្មោះណុប ឌីហៅ ឆើត អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចំណាយលើក្រុមអស់លោកទាំងអស់នោះ តាំងពីដើមទី ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ទើបឆ្លងដល់ប្រទេសវៀតណាម ។

ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវសំណូមពរដល់ថ្នាក់លើមេត្តាជួយពិនិត្យមើលទង្វើរបស់មេឈ្មួញ ឈ្មោះណុប ឌីហៅ ឆើត ម្នាក់នេះផងកំពុងតែមានឥតទ្ធិពលខ្លាំង សូម្បីតែសមត្ថកិច្ចតូចតាចមិនហ៊ានទៅក្បែរ លោកណុប ឌីហៅ ឆើត នោះឡើយ ពីព្រោះមេឈ្មួញរូបនេះបានទាក់ទងទៅមេៗ ថ្នាក់លើអស់ហើយទើបដំណើរការដឹកជញ្ជូនឈើរបស់លោកមេឈ្មួញរូបនេះ រលូនយ៉ាងនេះ ជាពិសេសសំណូមពរដល់នាយឧត្តមសេនីយ៍សៅ សុខា ប្រធានបង្ក្រាបបទល្មើសព្រៃឈើទូរទាំងប្រទេស មេត្តាជួយទប់ស្កាត់ និងចាប់បង្ក្រាបមេឈ្មួញល្បីឈ្មោះប្រចាំ ខេត្តមួយរូបនេះផងទាន ។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើបានប្រាប់ថា រហូតមកដល់ពេលនេះក្រោយវាស់វែងរួចរកឃើញថា ឡាន ដែលមេព្រៃឃាត់បានមានចំនួន០៦កំណាត់ មុខកាត់ចាប់ពី៦០ ទៅ៨០មីលីម៉ែត្រ ហើយឈើសរុប(ជាង៥ម៉ែត្រគូប)៥,៣១៣ម៉ែត្រត្រីគុណ ។ ដោយឡែកចំពោះការលើកឡើងថា មានឡានយីឌុបរត់រួច០១គ្រឿងនោះខាងមេព្រៃ មិនបានដឹងឡើយគឺពេលទីដល់ឃើញតែមួយគ្រឿងខាងលើប៉ុណ្ណោះ ។

មានការរិះគន់ថា ការចាប់នេះគួរណាស់តែខាងដែនជម្រកជាអ្នកចាប់តែបែរជាបណ្តោយឲ្យរួចផុតមកក្រៅដែនទុកឲ្យមេព្រៃចាប់បង្ក្រាបបែបនេះគឺបញ្ជាក់យ៉ាងច្បាស់ថា អស់លោក ដែលប្រចាំការនៅទីនោះ(អូរត្រាវ)បានទទួលលាភសក្ការៈមិនតិចនោះទេក្នុងការលែងឲ្យឡានចេញផុតពីដែនសមត្ថកិច្ចរបស់ខ្លួនបែបនេះទៅវិញ ជាពិសេសមានលោក ខន សុខខុន ជានាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្រាប់ សង្ស័យមានភាគហ៊ុនមន្ត្រីជំនាញ និងអ្នកសារព័ត៌មានមួយរូបផងដែរ ។

សូមរំលឹកផង ដែលថា ជំនួញឈើរបស់ឈ្មោះ ណុបឌី ហៅ ឆើត នេះ ជាឈ្មួញដ៏ធំប្រចាំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយ ដែលមានវាសនារួចផុតពីការចាប់បង្ក្រាបរបស់មេព្រៃជារឿយៗនោះកាលពីពេលថ្មីៗកន្លងទៅពេល ដែលឈើចុះដល់ទូកហើយត្រូវបានគយនៅតាកែវបង្ក្រាបអស់០២ទូកម្តងហើយ ។ ឈ្មួញឈើខាងលើល្បីល្បាញខាងរត់ការមិនឲ្យសមត្ថកិច្ចណាមួយចាប់បង្ក្រាបការចរាចរណ៍ឈើរបស់គេនេះពេលនេះអស់លក្ខណ៍ត្រឹមមេព្រៃចាប់បង្ក្រាបបានសម្រេច ខណៈលើកមុន ក៏មានការចាប់បង្រាបដូចគ្នានេះ ដែល តែមានមេព្រៃខាងអធិការម្នាក់ជួយរត់ការដោះលែងទាំងយប់នៅ ស្រុកបសេដ្ឋនាពេលកន្លងមកម្តងហើយតែលើកនេះបែកការណ៍ពីអ្នកកាសែត និងប៉េអឹម ក៏ត្រូវបង្ក្រាបបានសម្រេចទៅ ៕ សេនា សក្តិ


ចែករំលែក៖