ខេត្តព្រះសីហនុ៖ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ លោកវរ:សេនីយ៍ឯកស៊ុត សំអុន នាយការិយាល័យនគរបាល ព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសិទព័ត៌មានបង្ងាញមុខជនសង្ស័យចំនួន០២នាក់ជាប់ចោទធ្វើសកម្មភាពលួចដ៏សកម្មនៅក្នុងក្រុងព្រះសីហនុ ក្នុងស្ថានទម្ងន់ទោស ហើយត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តព្រះសីហនុបើកការស្រាវជ្រាវ និងឃាត់ខ្លួនបាន ។
លោកវរសេនីយ៍ឯក ស៊ុត សំអុនបានឲ្យដឹងថា ដោយអនុវត្តទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងអនុវត្តទៅតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ ក៏ដូចជាបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះយិន យ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់រុឺម៉កមានទីលំនៅភូមិ០២ សង្កាត់លេខ០២ ក្រុង.ខេត្តព្រះសីហនុ ។
តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង១៩ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះស្ថិតនៅចំណុចមុខអតីត គ្លីនិក៨៨៨ (វិថីបុរីកម្មករ) ក្នុងភូមិ២ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណី អំពើលួចយកម៉ូតូមួយគ្រឿងម៉ាក វេវ អេស ស៊េរីចាស់មិនមានស្លាកលេខសណ្តោងរុឺម៉ក ខណ:ជនរងគ្រោះខាងលើ ចតនៅខាងមុខមន្ទីរពេទ្យ ចូលទៅទិញថ្នាំ លុះត្រឡប់មកវិញ ក៏បាត់ម៉ូតូតែម្តងហើយ ក៏បានប្តឹងមកសមត្ថកិច្ចនគរបាល ។
បន្ទាប់ពីទទួលបានបណ្តឹងភ្លាមៗ និងទទួលបានបទបញ្ជាដ៍មុឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុធ្វើយ៉ាងណាស្វែងរកអត្តសញ្ញាណជនសង្ស័យឈានទៅបង្ក្រាបឲ្យខាងតែបាន ។
ពេលនោះកម្លាំងជំនាញនៃផែននគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្ងន់ បានធ្វើការស្រាវជ្រាវដាក់កម្លាំងពួនស្ទាក់តាមច្រកល្ហកផ្សេងៗហើយ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានខណ:ដែលកំពុងតែជិះម៉តូដែលលួចបាននៅជិតរង្វង់មូលតោ០២ ។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ក៏ឈានទៅឃាត់ខ្លួនបានបក្សពួកម្នាក់ទៀតដែលជនសង្ស័យ ១/ ឈ្មោះ ហុឹម ចាន់រ៉ាភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ០២ សង្កាត់លេខ០១ ក្រុង.ខេត្តព្រះសីហនុជាជន(ដៃដល់ ) និង២/ ឈ្មោះ ម៉ៅ ប៊ុនថាភេទប្រុស អាយុ៣១ ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដជាអ្នកសមគំនិត ។
នៅពេលឃាត់ខ្លួនសមត្ថកិច្ចនគរបាលដកហូតបានម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចបានចំនួន០៤គ្រឿង ដែលពួកគេយកមកលាក់ទុក ។ ១គ្រឿងម៉ាកវេវ អេសមិនមានស្លាកលេខ សណ្តោងរុឺម៉កម្ចាស់សុំយកទៅប្រកបរបរ រកទទួលទានវិញ និងមានម៉ាកអ៊ែរប៊្លែក ចំនួន០២គ្រឿង មិនមានស្លាកលេខ ពណ៌ក្រហម លាយពណ៌ស និងអ៊ែរប៊្លែក ពណ៌ខ្មៅ មិនមានស្លាកលេខ ។ មួយគ្រឿងទៀតម៉ាកហុងដា វុីសសុិន មិនមានស្លាកលេខ ។
ចំពោះជនសង្ស័យ និងវត្ថុតាងកម្លាំងនគរបាលជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ