ខេត្តកណ្ដាលៈ នគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយរលំ បង្រ្កាបជនសង្ស័យ៤នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ យកមកអធិការដ្ឋាននគរបាលក្រុងដើម្បីសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្ដិការបង្រ្កាបជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទី ថៃ្ងសុក្រ ៦កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ សុន សាន់ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា៤នាក់ ទី១-ឈ្មោះ សុន សាន់ ហៅក្រៅ អាក្របី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ខឿន ប្រុស ហៅប្រុស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះ សុន សាន្ត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤-ឈ្មោះ ធី កុសល ហៅង៉ោ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង៤នាក់មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងប្រតិបត្ដិការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១២កញ្ចប់ (ធំ២កញ្ចប់ និងតូច១០កញ្ចប់) ,កាំភ្លើងខ្លី១ដើមម៉ាក (PRAHA) ,បង់កាំភ្លើង១ មានគ្រាប់ចំនួន៨គ្រាប់ និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្ដថា មុនឈានដល់ចាប់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ នៅមុនពេលកើតហេតុកម្លាំងនគរបាលក្រុងតាខ្មៅ បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យឈ្មោះ សុន សាន់ កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅផ្ទះរបស់ខ្លួន ស្ថិតក្នុងឃុំស្វាយរលំ ។ ក្រោយពីទទួលព័ត៌មានភ្លាម នគរបាលក្រុងតាខ្មៅបានសហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយរលំ ចុះដល់ចំណុចកើតហេតុរួចបានបង្រ្កាបឡោមព័ទ្ធផ្ទះជនសង្ស័យខាងលើ ឈានដល់ចាប់ខ្លួនជនសង្ស័យសរុបទាំងអស់៤នាក់ និងឆែកឆេរបានរកឃើញថ្នាំញៀនចំនួន១២កញ្ចប់ កាំភ្លើងខ្លី១ដើម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ