ព័ត៌មានទាន់ហេតុការណ៍៖

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបាន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរសុខាភិបាលខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្នុងសាលប្រជុំរបស់ មន្ទីរសុខាភិបាល​ខេត្ត លោក ផាន់ ចាន់ធុល អភិបាល​ខេត្តប៉ៃលិន អមដំណើរដោយ លោក ហែម ឫទ្ធី អភិបាលរងខេត្ត និងលោក ហុក សុផល អភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរសុខាភិបាល ខេត្ត​ប៉ៃលិន ដើម្បី​ពង្រឹង​ប្រសិទ្ធភាពការងារ និងការផ្តល់សេវ៉ាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និង​វិជ្ជាជីវៈ ជាពិសេសគឺបង្កើនភាព​ស្និទស្នាលរវាង​ថ្នាក់ដឹកនាំមន្ទីរជាមួយ​មន្រ្តីរាជការក្រោមឱវាទ។

នៅក្នុងពីធីសំណេះសំណាលនោះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើងថា៖ ការធ្វើឲ្យ​ប្រជាពល​រដ្ឋកាន់តែមាន​ជំនឿជឿជាក់លើវិស័យ​សុខាភិបាល គឺមន្ទីរសុខាភិបាលខេត្ត ដែលគ្រប់គ្រង​ទៅលើមន្ទីរពេទ្យ ត្រូវ អប់រំមន្រ្តីរបស់ខ្លួនមួយចំនួនតូច​ដែលមិន​យក​ចិត្តទុកដាក់ ពិនិត្យព្យាល​បាល​​អ្នកជំងឺ ត្រូវកែប្រែ​ឥរិយាបថ​ដោយ​អនុវត្តន៍តាមជំនាញ និងក្រមសីលធម៌​វិជ្ជាជីវៈរបស់គ្រូពេទ្យ ពីកន្លង​មកក្រុមគ្រូពេទ្យខ្លះ មានឥរិយាបទ​មិនសមរម្យ​ទៅ​លើ​អ្នកជំងឺ ជាពិសេស​មន្ទីរពេទ្យមួយ​ចំនួន​ត្រូវ​តែ​កាត់បន្ថយ​ការធ្វើ​ឯកសារផ្សេងៗ ឬទាលុយ​ពីអ្នកជម្ងឺ ដោយត្រូវ​ពិនិត្យ និងព្យាបាលអ្នកជំងឺជាមុន​សិន​ សម្រាប់អ្នកជំងឺ​ដែល​​ត្រូវ​សង្រ្គោះ។

លោក អភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ការកែប្រែសកម្មភាពអវិជ្ជមាន​ទាំងអស់នេះនឹងធ្វើឲ្យការថ្នាំង​ថ្នាក់​​របស់​​ប្រជាពលរដ្ឋមក​លើវិស័យសុខាភិបាល​​នៅក្នុងខេត្ត និងថ្នាក់ដឹកនាំ​ខេត្ត កាន់តែ​ត្រូវកាត់បន្ថយ ហើយ​ម៉្យាងទៀត បានធ្វើឲ្យ​ខេត្ត​ប៉ៃលិន ​ជាខេត្តគំរូក្នុងការជួយពិនិត្យ​ព្យាបាល​ជំងឺជូ​ន​ប្រជាពលរដ្ឋបានល្អ​ប្រសើរ។ នៅក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក ផាន់ ចាន់ធុល ក៍បានផ្តាំ​ផ្ញើឲ្យមន្ទីរ​សុខាភិបាលខេត្ត ត្រូវ​ធ្វើយ៉ាងណាផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយដល់ប្រជាពលរដ្ឋអំពី​ការរីកចម្រើន និងការ​ផ្តល់សេវ៉ានានា ​លើវិស័យ​សុខាភិបាល ដើម្បីធ្វើយ៉ាង​ណាឲ្យប្រជាពលរដ្ឋដែល​មាន​បញ្ហាសុខភាព​ចូលរួម​ពិគ្រោះពិនិត្យ​ និងព្យាបាល​នៅមន្ទីរ​ពេទ្យរដ្ឋកាន់​តែច្រើនឡើងថែមទៀត ។

តាមរបាយការណ៍របស់ លោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន ១ និងមណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ នៅស្រុកសាលាក្រៅចំនួន ៣៕ ស សារ៉េត


ចែករំលែក៖