ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកជ្រូក និងរថយន្តឡិចស៊ីសLX៤៧០ បណ្ដាលឲ្យខូចខាតទាំងសងខាង ប៉ុន្តែមិនបង្កឲ្យមនុស្សរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីព្រឹកសៅរ៍ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កដឹកសត្វជ្រូកមួយគ្រឿង ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7280 បានបើកទៅបុកជាមួយរថយន្តឡិចស៊ីសLX៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-0027 ពីក្រោយទាំងកំរោល បណ្តាលឲ្យខូចខាតស្តុបផ្នែកខាងក្រោយ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ចំណែកអ្នកបើកបររថយន្តដឹកជ្រូក បានគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ៕ ស តារា