ខេត្តពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង និងជាប្រធានគណៈបញ្ជាឯកភាពស្រុកបានដឹកនាំកម្លាំងក្រោមឱវាទ រួមមាន មន្ត្រីជំនាញរដ្ឋបាលជលផល នគរបាល កងរាជអារវុធហត្ថ យោធា និងមន្ត្រីសហគមន៍នេសាទប្រមាណ ២០នាក់ ចុះបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផលនារដូវបិទនេសាទ ខណៈរដូវនេះ ជារដូវបិទនេសាទដើម្បីទុកលទ្ធភាពឲ្យត្រីពងកូន។
ប្រតិបត្តិខាងលើអនុវត្តឡើងនាព្រឹករហូតដល់រសៀលថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រែកទាល់ និងព្រែកកំពង់គុជ ស្ថិតក្នុងភូមិចារុះ និងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា លទ្ធផល៖ កម្លាំងបង្រ្កាបបានរួមមាន របាំងសាច់អួន និងស្បៃមុងក្រឡាញឹកចំនួន ១៨ខ្សែ មានប្រវែងចំនួន ៥,៣១៨ម៉ែត្រ បង្គោលចំរឹងចំនួន ២,៥០០ដើម ក្បាលលបចំនួន ២៧ក្បាល និងចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន ១៥៩គីឡូក្រាមផងដែរ។
ប្រភពដដែលខាងលើបន្តទៀតថា ចំពោះវត្ថុតាងជាលទ្ធផលដែលកម្លាំងធ្វើការបង្រ្កាបបាននោះ បានកាប់បំផ្លាញចោលនៅនឹងកន្លែង ដែលបានអនុវត្ត ហើយក៏មានសន្យាថា នឹងបង្រ្កាបជាបន្តបន្ទាប់ទៀតផងដែរ ដើម្បីកាត់បន្ថយឧបករណ៍ខុសច្បាប់ស្ដីពីជលផល ខណៈដែលរដូវនេះជារដូវបិទនេសាទ យើងមិនអាចអនុញាតឲ្យប្រជានេសាទ ប្រើប្រាស់ឧបករណ៍បែបទ្រង់ទ្រាយមិនមែនជាលក្ខណៈគ្រួសារនោះឡើយ ៕ បឹុម ពិន