ប្រជាពលរដ្ឋរស់នៅឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ដាក់ការសង្ស័យថា វង់ល្បែងស៊ីសងខ្លាឃ្លោក និងសង្វៀនជល់មាន់នៅភូមិទ្រមូង គឺជាឆ្នាំងបាយដ៏ធំរបស់លោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ។ សង្វៀនជល់មាន់នេះអាចដំណើរការជាចំហរ ដោយមិនញញើតសមត្ថកិច្ច ព្រោះតែមានលោកអធិការស្រុកជាអ្នកកាង ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សង្វៀនជល់មាន់ ដែលអមទៅដោយល្បែងខ្លាឃ្លោកផងនោះបានដំណើរការលេងជារៀងរាល់ថ្ងៃយូរណាស់មកហើយ ។ មន្ត្រីនគរបាលប៉ុស្តិ៍ព្រៃផ្គាំមិនហ៊ានបង្ក្រាបសង្វៀនជល់មាន់នេះទេ ពីព្រោះវាជាកន្លែង ឬជាឆ្នាំងបាយរបស់លោកអធិការ ។ បនល្បែងផ្សេងទៀតនៅក្នុងមូលដ្ឋាននៃស្រុកអង្គរបុរី នឹងត្រូវបង្ក្រាប ប្រសិនបើលេចឮដល់ថ្នាក់លើ ។ ប៉ុន្តែសង្វៀនជល់មាន់នៅភូមិទ្រមូង ឃុំព្រៃផ្គាំ បើទោះបីជាមន្ត្រីនគរបាលថ្នាក់ខេត្តបញ្ជាឲ្យថ្នាក់ស្រុកបង្ក្រាបយ៉ាងណាក៏ដោយ ក៏មិនឃើញនគរបាលស្រុកអង្គរបុរីបង្ក្រាបសង្វៀនជល់មាន់នៅភូមិទ្រមូងនោះដែរ ។
ប្រភពពីប្រជាពលរដ្ឋនិយាយថា សង្វៀនជល់មាន់នៅភូមិទ្រមូង បានបង្កបញ្ហាអសន្តិសុខយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ករណីនេះ លោកអធិការស្រុកក៏បានដឹងពីបញ្ហានេះដែរ ប៉ុន្តែគ្មាននរណាវាយបំបែកឆ្នាំងបាយខ្លួនឯងនោះឡើយ ។ មន្ត្រីនគរបាលថ្នាក់ខេត្តនិយាយថា គេបានដាក់បញ្ជាឲ្យនគរបាលស្រុក ពោលគឺលោក ភី ឆុន បង្ក្រាបសង្វៀនជល់មាន់នៅភូមិទ្រមូងនោះដែរ តែមិនដឹងជាហេតុអ្វីបានជាលោកមិនបង្ក្រាប ។ ដូច្នេះ ប្រជាពលរដ្ឋនៅឃុំព្រៃផ្គាំ ស្នើឲ្យលោកស្នងការនគរបាលខេត្តចាត់កម្លាំងមកបង្ក្រាបសង្វៀនជល់មាន់នេះផង ៕