ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចសហការរវាងសមត្ថកិច្ចខ្មែរនឹងថៃឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធ មនុស្សឃាតនៅភ្នំសំពៅ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ឃាតកចំនួន ២ នាក់ ដែលបានបាញ់សម្លាប់បុរសម្នាក់ក្នុងរឿងស្នេហាត្រីកោណ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយក្រុមតម្រួតថៃតាមចាប់ខ្លួន ជនសង្ស័យទាំង ២នាក់​ដែលរត់គេច សម្ងំនៅក្នុងប្រទេសថៃ រួក៏ចាប់វ៉ៃខ្នោះ ។

លោក ឈឿង គឹមសុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា៖ ដោយមានកិច្ចសហការជាមួយកម្លាំងតម្រួតថៃតាមរុករកមុខសញ្ញាជនសង្ស័យចំនួន២នាក់ ដែលពាក់ព័ន្ធ ឃាតកម្មលើបុរសម្នាក់ដែលមានមុខរបរជាអ្នកដឹកទឹកកកលក់ នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

បន្ទាប់ពីសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនបាន ក៏ប្រគល់ជនសង្ស័យទាំង២នាក់នេះ ទៅសមត្ថកិច្ចនគរបាល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នាថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យ ទាំង២នាក់នេះ​ទី១-ឈ្មោះ ប៊ុន ពន្លក ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជានិស្សិតពេទ្យ ស្រុកកំណើត ភូមិ ត្រោក ឃុំប្រធាតុស្រុក កំពង់ត្របែង ខេត្ត ព្រៃវែង និង ទី២-ឈ្មោះ ហួន វាសនា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត ស្រុកកំណើត នៅ ភូមិ គ្រើល ឃុំអន្សោង ស្រុក កំពង់ត្របែង ខេត្តព្រៃវែង(ជនសង្ស័យទាំង២នាក់ បានបាញ់ស្លាប់បុរសម្នាក់លក់ទឹកកកពីស្រុកបាណន់) ។

សមត្ថកិច្ចបានសាកសួរ ជនសង្ស័យឈ្មោះ ប៊ុន ពន្លក បានឆ្លើយសារភាពថា៖ កាលពីខែកក្កដា ២០១៨ ខ្លួនបានមកជួបគ្នាជាមួយឈ្មោះ ស្រីណា ដែលជាសង្សាររបស់ខ្លួន នៅទនប់កំពីងពួយ លុះយប់ឡើងខ្លួនបានទៅជួប ឈ្មោះ ស្រីណា នៅចំណុចច្រាបក្រសាំង ពេលនោះឈ្មោះ ស្រីណា បានយកកាំភ្លើងឲ្យរូបគេ ដើម្បីទុកធ្វើសកម្មភាព ក្រោយមកក៏បានចេញទៅភ្នំពេញវិញ ហើយនៅ ថ្ងៃទី ០៥ សីហា ២០១៨ ខ្ញុំបាទបានបបួលឈ្មោះ ហួន វាសនា ដែលត្រូវជាបងជីដូនមួយ ពីភ្នំពេញមកបាត់ដំបងដើម្បីសម្លាប់ជនរងគ្រោះ ដោយឈ្មោះហួន វាសនា ជាអ្នកបើករថយន្ត លុះមកដល់ចំណុចកើតហេតុពេលយប់ ខ្ញុំបាទក៏បានឲ្យឈ្មោះ ហួន វាសនា ឈប់ឡានចាំមើលឡានជនរងគ្រោះមកមួយសន្ទុះក្រោយមកក៏បានឃើញឡានជនរងគ្រោះមកដល់ ពេលនោះឈ្មោះហួនវាសនាក៏បានបើកឡានទៅកៀកឡានរបស់ជនរងគ្រោះហើយក៏បានស្រែកឲ្យឡានជនរងគ្រោះឈប់ពេលនោះជនរងគ្រោះក៏បានចុះពីលើឡានមកសួរហើយខ្ញុំបាទក៏បានស្រែកសួរជនរងគ្រោះថាបើកឡានបុកគេហើយសងអត់ពេលនោះជនរងគ្រោះបានបដិសេធថាមិនបានបុកទេហើយក៏ប្រកែកគ្នាបន្ទាប់មកខ្ញុំបាទក៏បានដកកាំភ្លើងបាញ់បំណងសម្លាប់ជនរងគ្រោះក្រោយពីខ្លួនបានធ្វើសកម្មភាពរួក៏បានវិលត្រឡប់ទៅភ្នំពេញវិញរហូតដល់កន្លែងស្ងាត់មួយខ្លួនបានបោះកាំភ្លើងដែលបានធ្វើសកម្មភាពចោល រួចទៅប្រទេសថៃដើម្បីសម្ងំលាក់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យទាំង ២ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕ស សារ៉េត


ចែករំលែក៖