ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបញ្ជូនបុរសបែកថ្នាំម្នាក់មកតុលាការករណីមានអាវុធជ័រ ដាវ ខ្នោះ និងមានលុយដុល្លារខ្មោចជិត២ពាន់ដុល្លារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបានបញ្ជូនបុរសបែកថ្នាំម្នាក់ មកតុលាការខេត្តពាក់ពន្ធ័ករណីមានអាវុធ ជ័រ និងដាវ ខ្នោះ និងមានកាន់លុយដុល្លារខ្មោចជិត២ពាន់ដុល្លារ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់កាសែតនគរវត្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ មកប៉ុស្តិ៍រដ្ឋបាលឃុំថ្នាធ្នង់ថា មានមនុស្សចម្លែកមុខ កាន់ដាវ និងអាវុធខ្លីជាប់ខ្លួន ដែលបង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិនោះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសាកសួរ ។

ប្រភពបន្តថា ជនសង្ស័យមានឈ្មោះ ង៉ែត តារា អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានប្រពន្ធឈ្មោះ សុខ សាខន អាយុ២០ឆ្នាំ រស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេររកឃើញមានអាវុធជ័រ១ដើម ដាវសាមូរ៉ៃ១ដើម ខ្នោះដៃ១ លុយដុល្លារសម្រាប់សែនសរុប១៨៤០ដុល្លារ អត្តសញ្ញាណប័ណ្ណ២សន្លឹក សំបុត្រកំណើត១សន្លឹក និងកាតគ្រីម៉ូតូ១ច្បាប់។

ប្រភពបញ្ជាក់ថា លុះព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានត្រួតពិនិត្យរកសារធាតុញៀនឃើញថា មានជាប់សារធាតុញៀនក្នុងខ្លួនសមត្ថកិច្ចសន្និដ្ឋានថា អាចជាមនុស្សបែកថ្នាំ៕ យឹម សុថាន


ចែករំលែក៖