ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញារង រៀល សុភិន បង្គាប់ឲ្យដោះលែងលោក សួន សេរីរដ្ឋា តាមអំណាចព្រះរាជក្រឹត្យព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមដីកាបង្គាប់ឲ្យដោះលែង ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ របស់លោកព្រះរាជអាជ្ញារង រៀល សុភិនបានបង្គាប់ឲ្យ ប្រធានពន្ធនាគារដោះលែងលោក សួន សេរីរដ្ឋា តាមអំណាចព្រះរាជក្រឹត្យព្រះមហាក្សត្រ។

សូមជម្រាបថា លោករស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ បានសម្រេចប្រកាស សាលក្រមផ្តន្ទាទោសប្រធានគណបក្ស អំណាចខ្មែរ លោកសួន សេរីរដ្ឋា ដាក់ពន្ធនាគារកំណត់ រយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀលចូលជាថវិការដ្ឋពីបទ ១-បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ ២-បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ៣-បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចផ្តន្ទាទោសបានធ្វើឡើង បន្ទាប់សំណុំរឿងនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លើកយកមក បើកសវនាការកាលពីល្ងាចថ្ងៃទី១៤ សីហា ឆ្នាំ២០១៧ កន្លងទៅ ប៉ុន្តែសវនាការនោះ ត្រូវលើកពេលដោយលោក សួន សេរីរដ្ឋា ស្នើសុំរកមេធាវីការពារក្តីអោយខ្លួន។ បន្ទាប់មក សំណុំរឿង នេះត្រូវបានចៅក្រមសាលាដំបូង រាជធានីភ្នំពេញ លើកយក មកបន្តសវនាការនិងបញ្ចប់កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

លោកសួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធនិងអង្គហេតុនៃការបង្ហោះសារជាសាធារណៈលើផេកឈ្មោះ Soun Serey Ratha លើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដែលសារនោះមានចរិតបង្កគ្រោះថ្នាក់ដល់វិស័យការពារជាតិ។
យោងសេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សំណុំរឿងលោកសួន សេរីរដ្ឋា ជាករណី បទមជ្ឈឹមជាក់ស្តែង៕

 

 


ចែករំលែក៖