ខេត្តរតនគិរី៖ សមត្ថកិច្ចឆែកឆេរផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីរឹបអូសបានទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងនាំខ្លួនមនុស្សប្រុស ស្រីចំនួន៥នាក់មកអធិការរដ្ឋាននគរបាល ក្រុងបានលុង ។
ករណីឆែកឆេរបង្ក្រាបទូរហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
កម្លាំងនគរបាលអធិការ ក្រុងដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក ហួតបូរីអធិការនគរបាល ក្រុងបានលុងក្រោមការសម្របសម្រួល ពីលោក រ៉ាបូររ៉ាន់ឌីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
លោកវរៈសេនីយ៍ឯក ហួតបូរីអធិការនគរបាល ក្រុងបានលុងបានឲ្យដឹងថាមុន និងឈានដល់ការចុះឆែកឆេររឹបអូសបានវត្ថុតាង និងមនុស្សខាងលើនេះគឺលោកទទួលបានសេចក្ដីរាយការណ៍ ពីឪពុកម្ដាយរបស់ក្មេងដែលតែងតែទៅលេងហ្គេមនោះ ហើយលោកក៏បានដាក់កម្លាំងចុះស៊ើបស្រាវជ្រាវរយៈពេល២ទៅ៣ថ្ងៃមកហើយ ទើបឈានដល់ការឆែកឆេររកឃើញ និងរឹបអូសទូហ្គេមព្រមទាំងមនុស្សប្រុស ស្រីចំនួន៥នាក់ ដែលឃាត់ខ្លួនបាន១.ឈ្មោះ អ៊ឹងសំរេចប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ(អ្នកបើកហ្គេម) ២.ឈ្មោះ អឿន ស្រីណែត អាយុ១៩ឆ្មាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ៣.ឈ្មោះ ឡេង ប៊ុនឡុង ប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរជានិស្សិតពិនិត្យឃើញមានសារធាតុញៀនអ្នកទាំង៣នាក់មានលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ៤.ឈ្មោះ ថាត បូរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ពិនិត្យទឹកនោមមានសារធាតុញៀន ៥.ឈ្មោះ ស្លេះ ពុធគ្រី ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរ ជាជាងផ្សាដែក អ្នកទាំង២នាក់មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ។
ដកហូតបានទូហ្គេមបាញ់ត្រីចំនួន២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាន ក្រុងបានលុង ។
លោកបានបញ្ជាក់ថា ចំពោះម្ចាស់ទូហ្គេមព្រមទាំង២នាក់ទៀត ដែលធ្វើតេសទឹកនោមមានសារធាតុញៀនត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។
ចំណែក២នាក់ជាក់ជាអ្នកលេងហ្គេមបាញ់ត្រីហើយមិនមានសារធាតុញៀននោះ គឺសមត្ថកិច្ចបានអប់រំណែនាំ និងធ្វើកិច្ចសន្យាហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕ ជីវ័ន្ត