ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យ៥នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនមកសាកសួរបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមជនសង្ស័យបានជិះម៉ូតូរោទ៍ខ្លាំងៗ និងមានកាន់ដុំថ្ម ក្នុងដៃបង្កការភ័យខ្លាចដល់អ្នកភូមិ ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យនគរវត្តដឹងថា ជនសង្ស័យទាំង៥នាក់ មានឈ្មោះ ព្រំ វី ភេទប្រុស អាយុ 23ឆ្នាំ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ, ឈ្មោះ យ៉ាន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលគ្រឿងចក្រ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ, ឈ្មោះ មេ សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា, ឈ្មោះ វិបុល រស្មី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឈ្មោះគង់ សុផល់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាធានី ភ្នំពេញ ។
ប្រភពបន្តថា បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថា ជាលទ្ធផលវិជ្ជមានទាំង៥នាក់ គឺប្រើប្រាស់គ្រឿងញៀនផងដែរ ។
បច្ចប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន