ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយជាប់រវល់នៅមុខផ្ទះ កូនរអិលជើងលង់ទឹកស្រះខាងក្រោយស្លាប់ គួរឲ្យសង្វេគ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុស អាយុ៥ឆ្នាំ ម្នាក់ត្រូវបានអ្នកភូមិ​ និងឪពុកម្ដាយដើរស្វះស្វែងរក ស្រាប់តែប្រទះឃើញលង់ទឹកស្រះខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃសុក្រ ១៣ កើត​ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៣​ និង៣០នាទីរសៀល ស្ថិតនៅចំណុចភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុសដែលរអិលជើងលង់ទឹកស្លាប់ មានឈ្មោះ សេ សុជា អាយុ៥ឆ្នាំ មានឳពុកឈ្មោះ សេ នា អាយុ២៨ឆ្នាំ មុខរបរកសិករ​ និងម្តាយឈ្មោះ ឈិន ឧសភា អាយុ២៨ឆ្នាំ មានទីលំនៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

យោងតាមម្ដាយក្មេងរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា កំហុសមកពីគាត់មានការធ្វេសប្រហែសដោយជាប់រវល់នៅខាងមុខផ្ទះ ធ្វើកិច្ចការបន្តិច ប្រមាណជា១០នាទីទើបមិនឮសូរសម្លេងកូនប្រុស ក៏មានការងឿងឆ្ងល់ ហើយក៏ប្រាប់អ្នកភូមិនាំគ្នាដើរស្វះស្វែងរក​ និងទៅខាងក្រោយផ្ទះស្រាប់តែប្រទះឃើញកូនលង់ទឹកស្រះស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលនាំគ្នាលើកធ្វើចលនាដៃជើង​ និងប្រញាប់ប្រញាលដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសលហួសពេលទៅហើយបានត្រឹមតែយំសោកស្ដាយប៉ុណ្ណោះ ។

សពត្រូវបានឪពុកម្ដាយយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម​ សុថាន


ចែករំលែក៖