ខេត្តកំពង់ចាម៖ រថយន្តកូរ៉េចំណុះ២,៥តោនកន្លះ ទំនងអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ខណៈឡើងចំណោតបានរអិលថយក្រោយប៉ះទង្គិចជាមួយរថយន្តម៉ាកព្រូសបណ្តាលឲ្យ រងការខូចខាតធ្ងន់ធ្ងរ តែសំណាងល្អមិនមាននរណាម្នាក់គ្រោះថ្នាក់ឡើយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅទួលចំណោតភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចឲ្យដឹងថា រថយន្តម៉ាក ម៉ៃធីធូ(កូរ៉េ)២,៥តោន ពណ៌ខៀវពាក់ស្លាកលេខ ត្បូងឃ្មុំ ៣A០៧១៧ បើកបរដោយឈ្មោះ ខុន ម៉ារី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ សង្គម មានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បើកបរពីត្បូងទៅជើងឡើងចំណោត បានពាក់កណ្តាលទួល ក៏បានរអិលចុះមកក្រោមបានទៅប៉ះរថយន្ត១គ្រឿងទៀត រថយន្ត ម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AG 8680 បើកបរដោយឈ្មោះ លី អ៊ឹងឈួង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិចក្រអង្រែលើ សង្កាត់ចក្រអង្រែលើ ខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ បើកបរពីត្បូងទៅជើង ស្របទិសគ្នា ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារអ្នកបើកបររថយន្តម៉ាកម៉ៃធីធូ (កូរ៉េ) ២,៥តោន កន្លះ បើកបរខ្វះការប្រុងប្រយ័ត្ន នៅក្នុងស្ថានភាពផ្លូវទួលឡើងចំណោត បណ្តាលឲ្យ ខូចរថយន្តទាំង២គ្រឿង ។ សមត្ថកិច្ចថារថយន្តម៉ាក ម៉ៃធីធូ(កូរ៉េ)២,៥តោនខូចខាតកម្រិតស្រាល ចំណែករថយន្តម៉ាកព្រុស ខូចខាតកំរិតធ្ងន់ ។
បច្ចុបន្នរថយន្តទាំង២គ្រឿង កម្លាំងជំនាញបានយកមករក្សាទុកនៅស្នាក់ការ ដើម្បីជួយ សម្រួលឲ្យភាគីសងខាង ធ្វើការដោះស្រាយតាមច្បាប់ ៕ វណ្ណៈ