ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះឃុំបឹងបត់កណ្ដោលចុះបង្រ្កាបបទល្មើសនេសាទក្នុងមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមប្រឹក្សាឃុំបឹងបត់កណ្ដោល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្ដោល មន្រ្តីសហគមន៍នេសាទដូងជ្រុំ និងរបងរមាស ចុះបង្រ្កាបឧបករណ៍នេសាទខុសច្បាប់ស្ដីពីជលផល នៅក្នុងដែនសមត្ថកិច្ច និងរដ្ឋបាលរបស់ខ្លួន ដោយកាប់បំផ្លាញនូវវត្ថុតាងនៅនឹងកន្លែង ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅរសៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចបឹងកំប៉ោង និងបឹងថ្នល់តាឡុក ស្ថិតក្នុងភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា លទ្ធផល៖ នៅចំណុចបឹងកំប៉ោងធ្វើការបង្រ្កាប់ឧបករណ៍ខុសច្បាប់ស្ដីពីជលផលប្រភេទស្បៃមុងបានប្រវែងចំនួន ២០០០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៥០០ដើម និងក្បាលបរចំនួន ៣គ្រឿង នៅចំណុចបឹងថ្និងបឹងថ្នល់តាឡុកបានប្រវែងចំនួន ១៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ១២០ដើម និងក្បាលបរចំនួន ២គ្រឿងថែមទៀត ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ចំពោះក្នុងកិច្ចប្រតិបត្តិការខាងលើនោះដែរកម្លាំងបានធ្វើការ កាប់បំផ្លាញចោលនូវវត្ថុតាងនឹងកន្លែងត្រូវបង្រ្កាប ហើយសន្យានឹងសហការគ្នាបន្តធ្វើការចុះបង្រ្កាបជាបន្តបន្ទាប់ទៀត ខណៈរដូវនេះជារដូវបិតនេសាទផងនោះ ម្យ៉ាងទៀងត្រីកំពុងពងកូនប្រជានេសាទគួរតែឈ្វេងយល់ ដើម្បីជួយថែរក្សាគ្នានូវការគង់វង្សធនធានធម្មជាតិរបស់យើង៕ ប៉ឹម ពិន


ចែករំលែក៖