ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះរុះរើផ្ទះពលរដ្ឋចំនួន៤៦ខ្នង ជាសំណង់គ្មានច្បាប់ នាំគ្នាលួចទៅសាងសង់ ប៉ះពាល់ទៅលើផ្នូរខ្មោចសមាគមចិន ក្រោយពីទទួលបានបណ្តឹង សាលារាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ ក្បែរផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
លោក កែវ សុភា អភិបាលរងខណ្ឌពោធិសែនជ័យ បានមានប្រសាសន៍ ខណៈដែលកម្លាំងរបស់គណបញ្ជាការឯកភាពខណ្ឌចុះទៅកន្លែងទីតាំងសំណង់គ្មានច្បាប់ បានឲ្យដឹងថា សំណង់ ផ្ទះ ខ្ទម ដែលពលរដ្ឋលួចមកសាងសង់ លើទីតាំងកប់សាកសព ផ្នូរខ្មោច សមាគមចិន ដោយគ្មានច្បាប់ ហើយគាត់មកសាងសង់ លួចលាក់ ជាបន្តបន្ទាប់ ក្រោយពីខាងសមាគមចិន បានប្តឹងទៅសាលារាជធានីភ្នំពេញ ជុំវិញផលប៉ះពាល់រំខាន ដល់ការគោរព ជំនឿ ប្រពៃណីសមាគម ចិន ទើបសាលាក្រុងភ្នំពេញ ដាក់បញ្ជាមកសាលាខណ្ឌពោធិ៍សែនជ័យ ចុះមកពិនិត្យ និងកែសម្រួលឡើងវិញ នូវផលប៉ះពាល់ ។
លោកអភិបាលរងបន្តទៀតថា ខាងសាលាខណ្ឌបានជូនដំណឹងដល់ពលរដ្ឋម្ចាស់ផ្ទះទាំង៤៦គ្រួសារ រស់នៅលើទីតាំង ផ្នូរខ្មោច រួចមកហើយដែរ រាល់សំណង់ដែលប៉ះពាល់ ត្រូវរុះរើចេញ ទើបនៅព្រឹកថ្ងៃទី៣០ ខែសីហា នេះ កម្លាំងចម្រុះ ចុះមករុះរើសំណង់ចំនួន២ ដែលកំពុងសាងសង់ប៉ះពាល់ដល់ផ្នូរ ដោយឡែកសំណង់ផ្សេងទៀត នោះខាងសមាគមចិន នឹងចាត់វិធានការ ជាក្រោយ ។
តាមប្រជាពលរដ្ឋវិញបានលើកឡើងថា ពួកគាត់ដឹងហើយថា សាងសង់ខុសច្បាប់ ប៉ះពាល់ដល់ដីគេ ក៏ប៉ុន្តែគាត់អត់មានជម្រើសណាផ្សេង ទើបមកសាងសង់ខ្ទម ទោះជាគេចាត់ទុកថា ជាសំណង់អនាធិបតេយ្យក៏ដោយ ពួកគាត់ទីទ័លក្រ ទើបមកសាងសង់គ្រាន់បានជ្រក តែបើអាជ្ញធរតម្រូវឲ្យរុះរើ នោះសូមឲ្យអនុវត្តន៍ដូចៗគ្នា ពោលរុះទាំងអស់ ជៀសវាងរុះ១ ទុក១ នោះមិនស្មើភាពគ្នា ។
តែទោះជាយ៉ាងណាក្តី នៅព្រឹកថ្ងៃទី៣០ ខែសីហា នេះមានសំណង់២ កំពុងសាងសង់ ប៉ះពាល់លើផ្នូរសាកសព អាជ្ញាធរតម្រូវឲ្យរុះចេញក្នុងថ្ងៃនេះតែម្តង ចំពោះសំណង់ចាស់ នឹងមានផែនការជាក្រោយ ៕ សុខាសែនជ័យ