ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រី២នាក់ កំពុងជិះម៉ូតូឌុបគ្នា បានសម្រេច នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ហើយជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ករណីឆក់កាបូបស្ពាយខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ជិតនឹងស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ជនរងគ្រោះមានឈ្មោះ ហេង ចិន្តា ភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចំណែកមិត្តភក្តិម្នាក់ទៀតដែលជាអ្នកឌុប គឺមិនបានឲ្យដឹងឈ្មោះឡើយ ។ សម្ភារដែលបាត់បង់មានលុយដុល្លារ១០០ជាងដុល្លារ លុយខ្មែរ២០ម៉ឺន ទូរស័ព្ទដៃចំនួន២គ្រឿង សៀវភៅធានាគារ១ក្បាល កាត ATM មួយសន្លឹក និងអត្តសញ្ញាណប័ណ្ឌមួយសន្លឹក ។
យោងតាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងមិត្តភក្តិស្រីម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះស៊ីហនុ 1A- 4788 ចេញពីហូបអាហារជាមិត្តភក្តិមួយចំនួនទៀតនៅម្តុំផ្សារបឹងកេងកង ហើយគោលបំណងត្រឡប់ទៅផ្ទះវិញនៅម្តុំភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយធ្វើដំណើរតាមផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខជនសង្ស័យម្នាក់បានជិះម៉ូតូម៉ាក់ឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ មកពីក្រោយរួចធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់ដែលដាក់អោបនៅប្រឡោះកណ្តាលបានសម្រេច ហើយជនសង្ស័យរូបនោះបានបន្ថែមល្បឿនម៉ូតូរត់គេចខ្លួនឡើងទៅផ្លូវលេខ២៧១បាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងសាឡាង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ ៕ស តារា