ស៊ីរីបានច្រានចោលសំណើរបស់ អាមេរិក ស្តីពីការដកទាហានចេញពីទីតាំង យោធា Al Tanf នៅតំបន់ភាគអាគ្នេយ៍ និងភាគខាងកើត នៃដងទន្លេ Euphrates ប្រសិនបើរដ្ឋាភិបាលរបស់លោកអាល់ អាសាដ យល់ព្រមចំពោះលក្ខខណ្ឌ៣ ចំណុច។
សារព័ត៌មានSputnik បានផ្សាយថា មន្ត្រីសន្តិសុខនិងចារកិច្ចអាមេរិក បានទៅ ដល់ អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង ដាម៉ាកាស តាមយន្តហោះឯកជនរបស់ ប្រទេសអារ៉ាបរួមUAE កាលពីចុង ខែ មិថុនាកន្លងមក។
ដោយសារតែស៊ីរីបដិសេធសំណើរបស់អាមរិក ទើបអាមេរិកនិងសម្ពន្ធមិត្ត មាន បារាំង អង់គ្លេសជាដើម បានឡើងគម្រោងវាយប្រហារទៅលើទីតាំងរបស់រដ្ឋាភិបាលស៊ីរី ដោយយកលេស ចោទប្រកាន់ពីការ វាយប្រហារដោយអាវុធគីមី ។ នៅពេលនះ កម្លាំងទាហានអាមេរិកបានត្រៀម លក្ខណៈរួចរាល់ហើយ ប្រសិនបើមានការ វាយប្រហារដោយគីមីកើតឡើង ការវាយ ប្រហាររបស់អាមេរិក នឹងចាប់ផ្តើមឡើង ភ្លាម។
ស្ថានការណ៍មួយនេះកំពុងធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំងពិសេសស្ថានភាពមនុស្សធម៌។បើតាមកាសែតលីបង់ Al-Akhbar បានឲ្យដឹងថា គណៈប្រតិភូអាមេរិកមកពីទីភ្នាក់ងារសន្តិសុខ និងស៊ើបការណ៍សម្ងាត់ដឹកនាំដោយមន្រ្តីជាន់ខ្ពស់ម្នាក់ដែលកាសែតមិនបានប្រាប់ឈ្មោះទេ។ ចំណែកភាគីខាងស៊ីរីវិញ គឺដឹកនាំដោយលោកអាលី មុំាំលូក ប្រមុខសន្តិសុខដ៏មានឥទ្ធិពលម្នាក់រួមទាំងវត្ត មានប្រធានអគ្គនាយកផ្នែកសន្តិសុខ និង អនុប្រធានសេនាធិការដ្ឋាន។ ជំនួបរវាង អាមេរិក និងស៊ីរីមានរយៈពេល ៤ម៉ោង និងបានធ្វើឡើងក្នុងខែមិថុនាសប្តាហ៍ទី៤ នៅក្នុងសង្កាត់ម៉ាហ្សេនៃទីក្រុងដាម៉ាស់។ យោងតាមកាសែត Al-Akhbar ដដែល ភាគីអាមេរិកប្រហែលជាបានធ្វើសំណើ ដល់ភាគីស៊ីរីក្នុងការដកទ័ពអាមេរិកចេញពីទឹកដីស៊ីរី។
ប៉ុន្តែសំណើមួយនេះត្រូវបានអាមេរិកដាក់លក្ខខណ្ឌចំនួន ៣ ទៅកាន់ស៊ីរី គឺទី១-ត្រូវដកកម្លាំងទ័ពអុីរ៉ង់ចេញពីប៉ែកខាងត្បូងស៊ីរីដែលស្ថិតនៅក្បែរព្រំដែនជាមួយប្រទេសអុីស្រាអែល ទី២-ត្រូវធានាពីការចូលរួម របស់ក្រុមហ៊ុនអាមេរិកក្នុងការធ្វើអាជីវកម្មប្រេងនៅស៊ីរីនិងលក្ខខណ្ឌទី៣-ទីក្រុងដាម៉ាស់ត្រូវចែកព័ត៌មានស្តីពីវត្តមានពួកជីហាតដបរទេសនៅលើទឹកដីរបស់ខ្លួន។ ប្រសិនបើរដ្ឋាភិបាលស៊ីរីអាចគោរពលក្ខ ខណ្ឌទាំង ៣ នេះបាន នោះអាមេរិកនឹង ដកទ័ពរបស់ខ្លួនចេញពីទឹកដីស៊ីរី។ តែខាងភាគីស៊ីរីបានចាត់ទុកជាលក្ខខណ្ឌដែល ខ្លួនមិនអាចទទួលយកលក្ខខណ្ឌបានទេ និងថា បានព្រមព្រៀងជាមួយភាគីអាមេរិកក្នុងការបន្តកិច្ចសន្ទនានៅពេលខាងមុខជាបន្តទៀត។
តាមកាសែតលីបង់ Al-Akhbar ដដែល បានបញ្ជាក់ថា វត្តមាននៃជំនួបរវាងមន្រ្តីជាន់ខ្ពស់អាមេរិក នឹងស៊ីរីបានធ្វើឡើងតាម កាណាល់រុស្ស៊ី និងអេមីរ៉ាអារ៉ាប់រួម តែមិន បានលម្អិតអ្វីបន្ថែមទេ។
ក៏ប៉ុន្តែព័ត៌មានស្តីពី ជំនួបខាងលើ មិនទាន់បញ្ចាក់ថាពិតឬយ៉ាងណានោះឡើយ រហូតមកដល់ម៉ោងនេះ ព័ត៌មានមួយនេះនៅមិនទាន់មានការបញ្ជាក់ពីប្រភពផ្លូវការណាមួយនៅឡើយទេ ហើយក្រសួង ការពារជាតិ ក៏ដូចជាក្រសួងការបរទេស អាមេរិកក៏នៅមិនទាន់បានបញ្ចេញប្រតិ កម្មយ៉ាងណានៅឡើយដែរ។ ទោះជា យ៉ាងណាក៏ដោយ នេះជាព័ត៌មានមួយដែលគ្រប់គ្នាបានចាប់អារម្មណ៍ដោយមានការ ថ្លឹងថ្លែង និងប្រយ័ត្នប្រយែងខ្លាំង ព្រោះថា Al-Akhbar ជាកាសែតលីបង់ដែលមាន ទំនោររករបបស៊ីរីរបស់លោកប្រធានាធិបតីអាសាដ ហើយក៏ស្និទ្ធនឹងចលនាហេសប៊ូឡាសហ៍លីបង់ដែលកំពុងចូលរួមប្រយុទ្ធជាមួយទាហានរដ្ឋាភិបាលស៊ីរីដែរ។ កំណត់ សម្គាល់មួយទៀត Al-Akhbar បានចុះផ្សាយព័ត៌មានមួយនេះដោយមិនបានសំអាងលើភស្តុតាង ឬប្រភពផ្លូវការណាមួយឡើយ។
សូមជម្រាបជូនថា អាមេរិកបានផ្តាច់ ទំនាក់ទំនងផ្លូវទូតជាមួយរដ្ឋាភិបាលស៊ីរី របស់លោកអាសាដ និងបានបិទស្ថានទូត របស់ខ្លួននៅក្នុងទីក្រុងដាម៉ាស់តាំងពីដើមឆ្នាំ២០១២ ពោលគឺបន្ទាប់ពីស៊ីរីបានធ្លាក់ក្នុងវិបត្តិនយោបាយ។ បន្ទាប់មក អាមេរិកក៏បានដឹកនាំកម្លាំងសម្ពន្ធមិត្តអន្តរជាតិ ដោយគាំទ្រកម្លាំងសម្ព័ន្ធអារ៉ាប់ គួដឌីស្ថាននៅក្នុងយុទ្ធនាការប្រឆាំងនឹងពួកជីហាដ។ នៅក្នុងទឹកដីស៊ីរី ទ័ពអាមេរិកបានឈរជើងនៅក្នុងដែនដីដែលគ្រប់គ្រងដោយពួកគួដឌីស្ថានស្ថិតនៅប៉ែកឦសាន។ តែក្នុងឆ្នាំ ២០១៧ និង ២០១៨ ពោលគឺក្រោយពី ទ័ពរដ្ឋាភិបាលស៊ីរីបានប្រើអាវុធគីមីវាយប្រហារលើជនស៊ីវិល និងទីតាំងក្រុមអ្នក ប្រឆាំងមក កម្លាំងទ័ពអាមេរិកក៏បានវាយប្រហារលើទីតាំងរបស់កម្លាំងទ័ពស៊ីរីដើម្បីជាការសងសឹកវិញ។
នៅស៊ីរីក៏ដូចជានៅអុីរ៉ាក់ដែរ អាមេរិកបានលូកដៃចូលយ៉ាងជ្រៅតាមរយៈយុទ្ធនាការប្រឆាំងនឹងភេរវកម្ម។ តែសមរភូមិនៅស៊ីរីជាសមរភូមិមួយស្មុគស្មាញខ្លាំងណាស់ ព្រោះនៅម្ខាង ស៊ីរីកំពុងធ្លាក់ក្នុងវិបត្តិហែកហួរផ្ទៃក្នុងរវាងក្រុមអ្នកប្រឆាំង នឹងរដ្ឋាភិបាលស៊ីរីរបស់លោកប្រធានាធិបតីអាសាដដែលសហគមន៍អន្តរជាតិ ពិសេសក្រុមប្រទេសបស្ចិមលោកលែងទទួលស្គាល់ និងនៅ ម្ខាងទៀត ទឹកដីស៊ីរីមួយភាគកំពុងស្ថិតក្នុងកណ្តាប់ដៃអង្គការរដ្ឋអ៊ិស្លាម។ អាមេរិក និងក្រុមប្រទេសបស្ចិមលោកបានបើក ប្រតិបត្តិលើទឹកដីស៊ីរីដើម្បីបោសសម្អាត ពួកជីហាដអង្គការរដ្ឋអ៊ិស្លាម តែក្នុងពេល ជាមួយគ្នានេះ ពួកគេក៏បានឆ្លៀតផ្តល់ការគាំទ្រចំពោះក្រុមប្រឆាំងស៊ីរីក្នុងគោលដៅទម្លាក់លោកអាសាដដែរ។
ផ្ទុយពីក្រុមប្រទេសបស្ចិមលោក ប្រទេសដែលគាំទ្រលោកអាសាដ មាន រុស្ស៊ី និងពួកហេសប៊ូឡាហ៍នៅលីបង់បានចូលធ្វើអន្តរាគមន៍នៅស៊ីរីក្រោមលេស វាយប្រហារពួកជីហាតដែរ តែបានឆ្លៀត សំពងក្រុមប្រឆាំងស៊ីរី។ នៅថ្ងៃអង្គារ ទី២៨ ខែសីហា ក្រសួងការពារជាតិរុស្ស៊ីបាន ប្រកាសពីការពង្រឹងកម្លាំងទ័ពជើងទឹកក្រោមទ្រង់ទ្រាយធំមិនធ្លាប់មាននៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។ គោលដៅ របស់រុស្ស៊ី គឺដើម្បីប្រឈមទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសជាយថាហេតុ របស់កម្លាំងលោកខាងលិចមកលើស៊ីរីក្រោមហេតុផលថា របបស៊ីរីរបស់លោកអាសាដបានប្រើអាវុធគីមី។ ឃើញថា ស៊ីរីកំពុងក្លាយទៅជាសមរភូមិនៃការប្រឈមមុខ ដាក់គ្នារវាងមហាអំណាចទៅវិញ ពិសេស រវាងអាមេរិក នឹងរុស្ស៊ី៕ ម៉ែវ សាធី