ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាទទួលបាន ចំណាត់ថ្នាក់លេខ២ ​លើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​លើពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់ចំណាត់ថ្នាក់លេខ២ ជូនប្រទេសកម្ពុជា ​ដែលគ្មានការជួញដូរមនុស្សនៅលើពិភពលោក ខណៈរាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងពិតប្រាកដ ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានទាំងស្រុង តាមរយៈការវាយតម្លៃប្រចាំឆ្នាំ អំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សលើពិភពលោក ។

​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ​ជួញដូរមនុស្ស បានថ្លែង នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាអន្ដរសាសនាថ្នាក់ជាតិនៅកម្ពុជា​ លើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

សម្ដេចក្រឡាហោម ស ខេង ក៏បានពន្យល់អំពីចំណាត់ថ្នាក់លេខរៀងនេះផងដែរថា សម្រាប់ចំណាត់ថ្នាក់លេខ១ គឺជាប្រទេសដែលគ្មានអំពើជួញដូរមនុស្ស, សម្រាប់ចំណាត់ថ្នាក់លេខ២ គឺជាប្រទេសដែលមានការជួញដូរមនុស្សតិចតួច ហើយរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាប និងសម្រាប់ចំណាត់ថ្នាក់លេខ៣ គឺជាប្រទេសដែលមានការជួញដូរមនុស្ស ហើយរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាប។

បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង សម្រាប់ការវាយតម្លៃនេះ គឺជាមុខមាត់ប្រទេសកម្ពុជា ហើយកាលណាដែលកម្ពុជា ប្រឆាំងការជួញដូរមនុស្សបានខ្លាំងក្លា នោះគេចាត់ទុកថា កម្ពុជាជាប្រទេសមួយដែលបានផ្ដល់តម្លៃជីវិតមនុស្ស ហើយអ្វីៗនឹងអភិវឌ្ឍន៍បន្ថែមទៀត ដែលនេះជាលក្ខខណៈមួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

យ៉ាងណាមិញ ដើម្បីអនុវត្តការងារនេះកាន់តែទទួលបានជោគជ័យទៀតនោះ ​សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា វាត្រូវតែមានការចូលរួម និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដូច្នេះវេទិកាអន្ដរសាសនាថ្នាក់ជាតិនៅកម្ពុជា​ លើកទី២​នេះ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលកំពុងតែកើតមានជាបន្ដបន្ទាប់ចំពោះប្រជាជនកម្ពុជា និងមនុស្សជាតិគួរឲ្យបារម្ភ។

ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានអំពាវនាវដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យស្វែងយល់កាន់តែច្បាស់អំពីបែបផែន និងគ្រប់រូបភាពនៃការជួញដូរមនុស្សគ្រង់ទម្រង់ ដែលអាចនឹងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល៕ តាឡឹម


ចែករំលែក៖