ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់យកទៅសាកសួរ បន្ទាប់ពីប្រើហិង្សាលើប្រពន្ធ បណ្តាលឲ្យរងរបួសបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ២០១៨ ចំណុចភូមិ ព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ សួង ម៉ុល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះ ហង្ស ស្រីមុំ ហៅទុំ ភេទស្រី អាយុ ២១ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅភូមិសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងប្តីបានត្រឡប់មកពីលក់ត្រីវិញ ខណៈមកដល់ផ្ទះស្រាប់តែប្តីរបស់គាត់ទារលុយដើម្បីយកទៅទិញគ្រឿងញៀនជក់ តែរូបគាត់មិនព្រមឲ្យ ភ្លាមនោះ ប្តីរបស់គាត់ក៏ទាញដំបងមកវាយត្រូវកំភួនដៃស្តាំ និងស្នាមវាយហើមប៉ោង កែងដៃឆ្វេង ទើបប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ជនរងគ្រោះបានបញ្ជាក់ថា បុរសជាប្តីតែងតែវាយរូបគាត់ជាច្រើនលើកច្រើនសារមក ហើយ ព្រោះតែជាមនុស្សប្រើប្រាស់ថ្នាំញៀន ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន នាំខ្លួនរួមទាំង វត្ថុតាង មកកាន់ ផ្នែកជំនាញយុត្តិធម៌ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន សួរនាំបន្ត បញ្ជូនឡើងតុលាការ ចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ