ព័ត៌មានទាន់ហេតុការណ៍៖

ទើបបើកជំនួញដីធ្លី ខេមរៈ សិរីមន្ត បន្តប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនបន្ថែម

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងប្រកាសបើកជំនួញដីធ្លីក្នុងដើមទុនរាប់លានដុល្លារអាមេរិកមិនបានប៉ុន្មានថ្ងៃផង តារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា លោក ខេមរៈ សិរីមន្ត បានប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនថ្មីមួយបន្ថែមទៀត។ ក្រុមហ៊ុនថ្មីនេះនឹងធ្វើឲ្យតារារូបនេះលូកកាន់តែជ្រៅក្នុងមុខជំនួញ។ ក្រុមហ៊ុនថ្មីនេះមានឈ្មោះThai Dragon Co,…ltd ដែលតារាចម្រៀងរូបនេះគឺជាអគ្គនាយកផ្ទាល់តែម្តង។ ការប្រកាសក្រុមហ៊ុនថ្មីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ខែសីហានេះគ្រាដែលក្រុមហ៊ុនលោកបានប្រកាសនាំចូលទឹកអប់ម៉ាកOr Brand ដែលជាទឹកអប់រូមមន្តល្បីឈ្មោះនៅប្រទេសបារាំងចែកចាយនៅកម្ពុជា។

តារាចម្រៀង រូបនេះបានថ្លែងថា ក្រុមហ៊ុនដែលលោកទទួលបានច្បាប់អនុញ្ញាតពេញលេញនេះ នឹងប្រតិបត្តិការលើការនាំទំនិញចេញចូលក្នុង និងក្រៅប្រទេស។

លោកមិនបានបញ្ជាក់អំពីទំហំទឹកប្រាក់ក្នុងការបើកដំណើរការនេះទេ ប៉ុន្តែលោកក៏គ្រោងនឹងនាំចេញនូវទំនិញ ផលិតផលជាច្រើនទៀតក្នុងពេលអនាគត។ លោកបញ្ជាក់ថា ទំនិញនាំចូលដំបូងដែលក្រុមហ៊ុនលោកទទួលយកមកលក់នេះគឺជាទឹកអប់ដែលមានរូបមន្តល្បីឈ្មោះមកពីប្រទេសបារាំង ដែលលោកគ្រោងនឹងធ្វើការចែកចាយទៅគ្រប់បណ្តាខេត្តរាជធានីនៅកម្ពុជា។

លោកបន្តថា ទោះបីជាបើកមុខជំនួញថ្មីបន្ថែម ប៉ុន្តែការងារសិល្បៈលោកនៅតែមិនបោះបង់ការងារសិល្បៈចោលនោះទេគឺលោកកាន់តែពង្រឹងឲ្យកាន់តែរឹងមាំដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជន ព្រោះតែការងារមុខជំនួញលោកមានអ្នកជួយមើលការខុសត្រូវគ្រប់គ្រាន់ផងដែរ។ លោករំពឹងដែរថាមុខជំនួញថ្មី និងផលិតផលថ្មីដែលលោកនាំចូលនេះនឹងត្រូវចិត្តអ្នកប្រើប្រាស់ព្រោះតែទាំងគុណភាពខ្ពស់តម្រូវតាមទីផ្សារ និងអ្នកប្រើប្រាស់ដែលនិយមក្លិនទឹកអប់មានទាំងសម្រាប់បុរសនារី រួមទាំងតម្លៃសមរម្ភនោះ៕ វឌ្ឍនា


ចែករំលែក៖