ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញផែនគ្រប់គ្រងជនបរទេស សហការជាមួយជំនាញផែនយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ពីបទលួចឆ្លង ដែនតាមច្រករបៀង ក្នុងស្រុកមេមត់ លួចលក់ឆ្នោតសន្លឹកជាតិវៀតណាម នៅត្រង់ចំណុចផ្សារមេមត់ ស្ថិតនៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ជនជាតិវៀតណាមរូប នេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៩និង១៥នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ ។
នគរបាលស្រុកមេមត់ឲ្យដឹងថា ជនជាតិវៀតណាមរូបនេះ ត្រូវបានកម្លាំងឃាត់ខ្លួន ខណៈជននេះលួចចូលតាមច្រករបៀង ស្ថិតក្នុងភូមិដូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងមកលក់ឆ្នោតសន្លឹកជាតិវៀតណាម ។ នគរបាលថា ជននេះបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរចាត់ការបន្ត ។
នគរបាលបន្តថា ជនសង្ស័យឈ្មោះ ង្វៀង តឹងអ៊ុក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិតឹង ឃុំតិនហឹង ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ។
មន្ត្រីជំនាញផែនគ្រប់គ្រងជនបរទេសឲ្យដឹងថា ករណីឃាត់ខ្លួនជនជាតិវៀតណាមដើរលក់ សន្លឹកឆ្នោតរបស់ជាតិប្រទេសវៀតណាមនោះ លោកអធិការនគរបាលស្រុកមេមត់ បានធ្វើការឆ្លងយោបល់ទៅលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដើម្បីមានវិធានការបន្ត ។
មន្ត្រីជំនាញគ្រប់គ្រងជនបរទេសបន្តថា យោងតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ស្នងនគរបាលខេត្តត្បូងឃ្មុំ ជំនាញបានធ្វើការអប់រំ និងចុះកិច្ចសន្យាឈប់ឲ្យចូល មកលក់ឆ្នោតនៅក្នុងទឹកដីកម្ពុជាបន្តទៀត ហើយក៏បញ្ចូនជនជាតិវៀតណាមខាងលើ ព្រមទាំងសន្លឹកឆ្នោត និងម៉ូតូ១គ្រឿង ឲ្យទៅសមត្ថកិច្ចវៀតណាមចាត់ការតាមច្បាប់របស់ប្រទេសវៀតណាម ៕ វណ្ណៈ