ភ្នំពេញ ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ ដោយសារចាញ់ល្បិចក្រុមជំនាញទម្លាក់ហោង បាត់បង់អស់ទ្រព្យសម្បត្តិ លុយកាក់ គ្រឿងអលង្ការ ពីខ្លួនរលីងស្អាត ហេតុតែឃើញគ្រឿងបញ្ឆោតសន្ធឹកសន្ធាប់ ក្រហមច្រាល នឹកស្តាយរបស់ខ្លួន រហូតដល់ភ័យសន្លប់ស្តូក កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នំ២០១៨ ស្ថិតនៅក្នុងផ្សារគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំទៅគ្លីនិក ។
ស្រ្តីរងគ្រោះ ឈ្មោះ ធី ហាហឿង អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅសង្កាត់ច្រាំងចម្រះ១ ខណ្ឌឫស្សីកែវ ។ ចំណែកសម្ភារបាត់បង់ អស់កងដៃប្លាទីន១ឈុត ចិញ្ចៀន ក្រវិល ខ្សែក លុយកាក់មួយចំនួនទៀត ។
តាមសម្តីរងគ្រោះ ប្រាប់ហាក់បីដូចជាលាក់លៀម គ្រាន់តែឲ្យដឹងថា មុនកើតហេតុ ខណៈដែលមកផ្សារ រកទិញម្ហូបនៅក្នុងផ្សារគីឡូម៉ែត្រលេខ៧ ត្រូវបានស្រ្តីជនសង្ស័យម្នាក់ ដើរមកសួរ មានឃើញកាបូបលុយអត់ គេជ្រុះបាត់មុននេះ ហើយត្រូវបាន ស្រ្តីសង្ស័យម្នាក់ផ្សេងទៀត ដើរមកប្រាប់ថា កុំមាត់ គេរើសបាន រង់ចាំចែកគ្នា លុះលាមាត់ថង់ ក្នុងកាបូប ឃើញសុទ្ធតែគ្រឿងអលង្ការ ក្រហមច្រាល និងលុយដុល្លារ ថាហើយជនសង្ស័យ នាំទៅខាងក្រោយ ដោះយក គ្រឿងអលង្ការ របស់ខ្លួន និងយកលុយអស់រលីង ប្រាប់ថា ទៅដូរចែកគ្នាសិន ហើយគេចពីក្នុងផ្សារបាត់ មិនឃើញវិលវិញ ទើបដឹងថាចាញ់បោកគេហើយ ទ្រហ៊ោយំ នឹកស្តាយ រហូតដល់សន្លប់ ត្រូវបាន ប្រជាពលរដ្ឋ នាំទៅគ្លីនិកក្បែរនោះ ។
តែទោះជាយ៉ាងណាក្តី ស្រ្តីរងគ្រោះ បានប្រាប់ហើយថា បាត់អស់ហើយ ទោះប្តឹងមិនដឹងបានអីមកវិញ ទើបមិនទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍នោះទេ ៕អារុណរះ