ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សង្វៀនបញ្ជល់មាន់មួយកន្លែងនៅស្រុកតំបែរ បើកលេងយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ

ចែករំលែក៖

ប្រជាពលរដ្ឋស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានបង្ហើបឲ្យដឹងថា សង្វៀនបញជល់មាន់ យ៉ាងអនាធិបតេយ្យនៅក្នុងភូមិកំប្រឹស ឃុំត្រពាំងព្រីង សមត្ថកិច្ចមិនហ៊ានបង្ក្រាប។

ប្រភពបានឱ្យដឹងទៀតថា ទីតាំងសង្វៀនបញ្ជល់មាន់នេះនៅក្នុងចម្ការស្វាយចន្ទីក្នុងភូមិសាស្ត្រខាងលើ មានការបើកលេងស្ទើរតែរាល់ថ្ងៃ ដោយមានអ្នកលេងជាច្រើនមកពីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដោយមានកាចាក់លុយក្នុងមួយគូរៗ រាប់ពាន់ដុល្លារឯណោះ ។ ទីតាំងសង្វៀនជល់មាន់ខាងលើត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិកំប្រើស រិះគន់ទៅលើសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានថា មិនបានយកចិត្តទុកដាក់បង្ក្រាបទប់ស្កាត់ល្បែងស៊ីសង ដែលកើតមាននៅក្នុងមូលដ្ឋាននេះឡើយ។

ជារៀងរាល់ថ្ងៃ គេសង្កេតឃើញរថយន្តម៉ាក Lexus 470 ដែលមានពាក់ស្លាកលេខនគរបាលជាតិ និងរថយន្តស៊េរីទំនើបៗ រួមនឹងម៉ូតូជាច្រើនគ្រឿង បាននាំគ្នាចូលទៅលេងនៅក្នុងចម្ការស្វាយចន្ទីមួយកន្លែងនេះ ដែលពួកគាត់សង្ស័យថា មានការឃុបឃិតបើកដៃពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានមួយនេះ។

លោកអធិការនគរបាលស្រុកតំបែរបានបដិសេធថា ទីតាំងខាងលើពិតជាមិនមាននោះទេ ប៉ុន្តែដោយសារមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅតំបន់នោះ លោកបានបញ្ជាឲ្យប៉ុស្តិ៍នគរបាលមូលដ្ឋានទៅពិនិត្យផ្ទាល់ ហើយត្រូវបានការឆ្លើយតបពីមន្ត្រីរបស់លោកថា មិនមាននោះទេ។

ដោយឡែកមន្ត្រីប៉ុស្តិ៍នគរបាលមូលដ្ឋានក៏បានបញ្ជាក់ឲ្យដឹងក្រោយពីបែកការណ៍ផ្អើលឆោឡោនៅក្នុងទីតាំងសង្វៀនបញ្ជល់មាន់ខាងលើបន្ទាប់ ពីក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពផ្ទាល់។

លោកអះអាងថា លោកនឹងចុះទៅពិនិត្យដល់គោលដៅទីតាំងសង្វៀនបញ្ជល់មាន់មួយនេះ ដោយលោកបានស្គាល់ហើយទីតាំងមួយនេះបន្ទាប់ពីបានពិនិត្យ និងបានឃើញរូបភាពជាក់ស្ដែង៕

 


ចែករំលែក៖